នយោបាយ

តុលាការជម្រះអតីតមន្ត្រី និង សកម្មជន នៃ អតីតៈ គណបក្សសង្គ្រោះជាតិ ៧ នាក់ ជាប់ពាក់ព័ន្ធនឹងការ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និង ញុះញង់បង្កឲ្យមានភាព វឹកវរដល់សន្តិសុខសង្គម

ភ្នំពេញ: សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទ ចំនួន ៧ នាក់ ដែលជាអតីតមន្ត្រី និង អ្នកគាំទ្រ ប្តូរផ្តាច់ នៃ អតីតៈ គណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងការ ប្រមាថ ចំពោះអង្គព្រះមហាក្សត្រ និង ញុះញង់ បង្កឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម ក្នុងចេតនា ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈហ្វេសប៊ុក (Facebook ) ប្រព្រឹត្ត នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ។

លោក ឃុន សូណា ជាចៅក្រម ជំនុំជម្រះ នៃ សាលាដំបូង រាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទទាំង ៧នាក់ មានឈ្មោះ ទី១- ឈ្មោះ ឡុង រី, ទី២-ម៉ែន សុថាវរិន្ទ ,ទី៣-ឈ្មោះ ម៉ន ផល្លា, ទី៤- ឈ្មោះ ម៉ោញ សារ៉ាត់, ទី៥-ឈ្មោះ គឹម តុលា, ទី៦-ឈ្មោះ ឡាញ់ ថាវរី, និង ទី៧-ឈ្មោះ ម៉ិច ហ៊ាង។

លោកចៅក្រមសូណា បានបញ្ជាក់ថា នៅក្នុងចំណោមជនជាប់ចោទទាំង៧នាក់ មានឈ្មោះ ឡុង រី, ឈ្មោះម៉ែន សុថាវរិន្ទ ,ឈ្មោះម៉ន ផល្លា, ឈ្មោះម៉ោញ សារ៉ាត់, -គឹម តុលា, និង ឈ្មោះ ឡាញ់ ថាវរី ត្រូវបានជាប់ចោទពីបទៈ« ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ចំណែកឯ ជនជាប់ចោទឈ្មោះ ម៉ិច ហ៊ាង ត្រូវបានជាប់ចោទប្រកាន់ចំនួន២បទល្មើស គឺ: «ប្រមាថចំពោះអង្គព្រះមហាក្សត្រ និង ញុះញង់បង្កឲ្យមានភាព វឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ និង ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងចំណោមពួកគេទាំង៧នាក់ , ជនជាប់ចោទឈ្មោះ ម៉ិច ហ៊ាង ភេទប្រុស កើតឆ្នាំ ១៩៨៨ រស់នៅ ភូមិទួលខ្សាច់ ឃុំ ទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ និង ឈ្មោះ ឡាញ់ ថាវរី ភេទស្រី កើតឆ្នាំ ១៩៨៩ រស់នៅ ភូមិប្រឡាយហ្លួងលើ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ឃាត់ និង ត្រូវបានឃុំខ្លួន នៅក្នុង ពន្ធនាគារ។ ចំណែក ឯជនជាប់ចោទ៥នាក់ទៀត ដូចមានខាងលើ ត្រូវបានរត់គេចខ្លួន។

នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ ឡាញ់ ថាវរី ដែលជាអតីតៈ មេឃុំឬស្សីក្រោក មកពីកូតា អតីតៈ គណបក្សសង្គ្រោះជាតិ ( CNRP ) បានឆ្លើយសារភាពកំហុស ក៏ប៉ុន្តែ នាងបានអះអាងថា: សារ និង ខ្លឹមសារ ដែលខ្លួនបានសរសេរ ផុស និង ផ្សាយ នៅលើហ្វេសប៊ុកនោះ គឺ គ្រាន់តែជាការ បញ្ចេញមតិ យោបល់ និងការរិះគន់ ដើម្បីស្ថាបនាតែប៉ុណ្ណោះ។ និង មានចេតនា ដើម្បីប្រឆាំង ឬ ញ៉ុះញ៉ង់មហាជន ផ្តួលរំលំរដ្ឋាភិបាល ដូចការចោទប្រកាន់នោះឡើយ។

ឈ្មោះ ថាវរី សុំឱ្យលោកចៅក្រមជំនុំជម្រះ សម្រេចលើកការចោទប្រកាន់ និង ដោះលែងខ្លួន អោយមានសេរីភាពវិញ។

ចំណែកឯ ឈ្មោះ ម៉ិច ហ៊ាង ក៏បានទទួលស្គាល់នូវ ខ្លឹមសារ ដែលខ្លួនបានសរសេរ និង ផុសផ្សាយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ផងដែរ ក៏ប៉ុន្តែគាត់បានអះអាងថា: នោះគឺ ជាយោបល់ផ្ទាល់ខ្លួន ក្នុងការរិះគន់ ព្រះមហាក្សត្រខ្មែរ និង ក៏ជាសិទ្ធិសេរីភាព នៃ ការបញ្ចេញមតិ របស់ប្រជាពលរដ្ឋខ្មែរម្នាក់ៗ ដែលត្រូវបានធានាដោយ រដ្ឋធម្មនុញ្ញរបស់កម្ពុជា ។

ឈ្មោះម៉ិច ហ៊ាង បានស្នើរសុំឱ្យលោកចៅក្រមជំនុំជម្រះ សម្រេចលើកការចោទប្រកាន់ និង ដោះលែងអោយមានសេរីភាពវិញ។

ក៏ប៉ុន្តែ នៅពេលបិទបញ្ចប់សវនាការ លោកមុត ដារ៉ា ព្រះរាជាអាជ្ញារង និងជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានតម្កល់បទចោទប្រកាន់ ចំពោះ ជនជាប់ចោទទាំង៧នាក់ ខាងលើ រក្សាទុកដដែល និង សំណូមពរដល់លោកចៅក្រមជំនុំជម្រះ ឃុន សូណា សម្រេចផ្តន្ទាទោស ជនជាប់ចោទទាំងអស់ នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ តាមច្បាប់ជាធរមាន។

សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមលើសំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅថ្ងៃ១០ ខែ សីហា ឆ្នាំ២០២២៕

រដោយ: លីហ្សា

To Top