ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម កោតសរសើរកងកម្លាំងទាំង ៣ប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានការពារ សន្តិសុខបានល្អ ក្នុងកំឡុងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងកោតសរសើរដល់កងកម្លាំងទាំង ៣ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់បានល្អ ក្នុងកំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២ នេះ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល កិច្ចប្រតិបត្តិការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ គឺជាការបោះឆ្នោតសកល ដែលមានវិសាលភាពនៃការរៀបចំ មានទំហំធំធេង ដោយរាប់បញ្ចូលមានដំណាក់កាលជាច្រើនក្នុងកិច្ចការនោះ បានដំណើរការទៅដោយរលូន មានសន្តិសុខល្អ សុវត្ថិភាព គ្មានការបំភិតបំភ័យក្នុងដំណាក់កាលនោះឡើយ ។

លោកអភិបាលខេត្តបានបន្តថា ជាការពិតណាស់ ប្រទេសនីមួយៗលើសកលលោក ដែលប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស ត្រូវមានយន្តការរៀបចំការបោះឆ្នោតជាចម្បង ហើយការរៀបចំបោះឆ្នោតអាចប្រព្រឹត្តិទៅ គឺអាស្រ័យលើប្រទេសជាតិនោះ មានសន្តិភាពដូចប្រទេសកម្ពុជាយើងបច្ចុប្បន្ន ពោលគឺមានទាំងស្ថេរភាពនយោបាយ ព្រមទាំងសន្តិសុខ សុវត្ថិភាពក្នុងសង្គម ត្រូវបានធានា និងមានការអភិវឌ្ឍ ទើបប្រទេសយើងអាចរៀបចំការបោះឆ្នោតប្រកបដោយរលូនទទួលបានលទ្ធផលល្អ ដូចជាយើងទទួលបានថ្មីៗនេះស្រាប់ ដោយមានការកោតសរសើរទាំងមតិជាតិ និងអន្តរជាតិ ។

ជាមួយគ្នានេះលោកអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ ដល់សមាជិកសមាជិកានៃអង្គប្រជុំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង ៣ប្រភេទ ដើរបានយកចិត្តទុកដាក់ បានប្រឹងប្រែងបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ ឆ្លងកាត់គ្រប់ឧបសគ្គ មិនថាភ្លៀងផ្គរ គឺបានជម្នះគ្រប់ឧបសគ្គ ខិតខំបំពេញភារកិច្ចរបស់ខ្លួនរហូតទទួលបានលទ្ធផលជោគជ័យ ៕

To Top