ព័ត៌មានជាតិ

បេឡាជាតិ សន្តិសុខសង្គម ចុះ MOU ជាមួយសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ

ភ្នំពេញ៖ ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នា រវាង ប.ស.ស. និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២២នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម ប.ស.ស. បានថ្លែងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាស្ថាប័ន ប្រតិបត្តិករតែមួយគត់ ដែលធ្វើប្រតិបត្តិការ របបសន្តិសុខសង្គម នៅប្រទេសកម្ពុជា។

លោកប្រតិភូ បានបន្តទៀតថា បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងអនុវត្តរបបសន្តិសុខសង្គម ចំនួន៣ផ្នែក រួមមាន៖ (១)ផ្នែកហានិភ័យការងារ (២)ផ្នែកថែទាំសុខភាព និង(៣)ផ្នែក ប្រាក់សោធន ដែលការចាប់ផ្ដើមបង់ភាគទាន នៅខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងពេលបច្ចុប្បន្ននេះ ប.ស.ស. មានសមាជិកប្រមាណ ១ ៨៧៧ ១០៣នាក់ ក្នុងនោះសមាជិក ដែលជាកម្មករនិយោជិត ក្នុងវិស័យឯកជនមានចំនួន ១ ៤៥៥ ២៩៨នាក់។

លោកប្រតិភូរាជរដ្ឋាភិបាល បានបន្តថា ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ពេញលេញប្រកបដោយចីរភាព និងបរិយាបន្ន ប.ស.ស. បានកំណត់នូវជំហាន ជាយុទ្ធសាស្រ្តច្បាស់លាស់ ក្នុងនោះការកសាងសមត្ថភាព ធនធានមនុស្ស ក៏ជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្ត្រ ជាអាទិភាពដទៃផ្សេងទៀត ដែលចាំបាច់ក្នុងការពង្រឹងសមត្ថភាព ឆ្លើយតបទៅនឹងការអនុវត្តការងារប្រចាំថ្ងៃ ឲ្យមានប្រសិទ្ធភាព  ផលិតភាព និងគុណភាព ក្នុងបំណងធានា ឲ្យការផ្ដល់សេវាសាធារណៈរបស់ខ្លួន ទៅកាន់សាធារណជន ពិសេសសមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាព និងភាពជឿជាក់។ 

លោកប្រតិភូរាជរដ្ឋាភិបាល បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការរវាង បេឡាជាតិសន្តិសុខសង្គម និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់គ្នានេះ គឺជាការងារគន្លឹះដែលនាំឲ្យ ប.ស.ស. អាចទទួលបានការ អភិវឌ្ឍធនធានមនុស្ស រួមចំណែកដល់ការពង្រឹងសក្ដានុពល នៃការងារដឹកនាំ គ្រប់គ្រងរបស់ ប.ស.ស. ឲ្យកាន់តែមានប្រសិទ្ធភាព ដែលជាឧត្តមប្រយោជន៍ ដល់គ្នាទៅវិញទៅមក ស្ថិតក្នុងរូបភាពដូចជា៖

(១)សហការបណ្តុះបណ្តាលពង្រឹង សមត្ថភាពជំនាញដល់មន្រ្តី និងបុគ្គលិក ប.ស.ស. (២)ការផ្លាស់ប្តូរទស្សនៈកិច្ចសិក្សា របស់មន្រ្តីសាស្រ្តាចារ្យ និងអ្នកសិក្សាស្រាវជ្រាវ(៣) ផ្តល់ឱកាសឲ្យនិស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចុះកម្មសិក្សា និងហាត់ការនៅប.ស.ស. (៤)ចូលរួម និងរៀបចំសន្និសីទសិក្ខាសាលា និងព្រឹត្តិការណ៍នានា (៥)លើកកម្ពស់កិច្ចសហប្រតិបត្តិការសិក្សា អប់រំផ្សេងទៀត (៦) ការផ្លាស់ប្តូរវាគ្មិនសម្រាប់បង្រៀន ទៅវិញទៅមក និង (៧)ការអនុវត្តគម្រោង សហប្រតិបត្តិការផ្សេងៗទៀត។

ឆ្លៀតក្នុងឱកាសនោះ លោកប្រតិភូរាជរដ្ឋាភិបាល បានថ្លែងអំណរគុណ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ ដែលបានគាំទ្រយ៉ាងពេញទំហឹង ក្នុងកិច្ចសហការកន្លងមក រហូតបង្កើតឲ្យមាន នូវកិច្ចសហការគ្នា រវាងអង្គភាពទាំងពីរ និងសម្របសម្រួលឲ្យមានពិធីនេះ កើតឡើងនាពេលនេះ។

លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការជាមួយ ប.ស.ស. នាពេលនេះ នឹងទទួលបានផ្លែផ្កាជាវិជ្ជមាន ដើម្បីរួមចំណែក ពង្រឹងការអនុវត្តគោលនយោបាយ គាំពារសង្គម របស់រាជរដ្ឋាភិបាល ឲ្យកាន់តែទទួលបានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។

សូមបញ្ជាក់ថា ពិធីចុះអនុស្សរណៈយោគយល់គ្នាខាងលើនេះ ប្រព្រឹត្តិទៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលត្រូវបានចុះហត្ថលេខា រវាងលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ជាមួយលោក បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ព្រមទាំងមានវត្តមាន ចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ នៃស្ថាប័នទាំងពីរ សរុបប្រមាណជា២០រូប៕

To Top