ភ្នំពេញ៖ ដូចជាការគ្រោងទុក នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញ ចំនួន៨មាត្រា និងច្បាប់មួយចំនួនទៀត ក្រោមការឃ្លាំមើល ពីក្រុមមនុស្សមួយចំនួន ដែលមិនពេញចិត្ត ។
អង្គប្រជុំ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានការចូលអញ្ជើញចូលរួម ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិក សមាជិកាសរុប១០៦រូប ។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មទាំង៨មាត្រានោះ គឺមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ។
ក្នុងនោះក៏មានបៀបវារៈសម្រាប់សម័យប្រជុំរដ្ឋសភា នាឱកាសនេះ ចំនួន៤ គឺ៖ ការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់លោក ចាប ម៉ុច ជាតំណាងរាស្រ្ត មណ្ឌលខេត្តកណ្តាល ជំនួសលោក ឌុល គឿន ដែលបានទទួលមរណភាព ។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ។
ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ ៤-១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ៤-២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល ។
ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម ឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយ ក្នុងករណីមានគ្រោះមហន្តរាយ នុយក្លេអ៊ែរ ឬគ្រោះអាសន្ន វិទ្យុសកម្ម៕