ព័ត៌មានជាតិ

កម្ពុជា កំពុងបន្ដយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជួញដូរមនុស្ស

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជា កំពុងបន្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអំពើជួញដូរមនុស្ស ប្រកបដោយឆន្ទៈខ្ពស់ ព្រោះកិច្ចការទាំងនេះ ជាការងារដ៏ស្មុគស្មាញ។

នាឱកាសអនុញ្ញាតឲ្យលោក Pham Quang Hieu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ចូលជួបសម្តែងការគួរសម នាថ្ងៃ២៧ កក្កដា សម្ដេច ស ខេង បានលើកឡើងថា កន្លងមកខេត្តជាប់ព្រំដែន រវាងប្រទេសទាំងពីរ គឺតែងតែអនុវត្តទៅតាមការកំណត់ ហើយកិច្ចការទាំងនេះ ក៏បានរួមចំណែកធ្វើឲ្យការងារ រក្សាថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់តាមព្រំដែន រវាងប្រទេសទាំងពីរ មានភាពល្អប្រសើរផងដែរ។

សម្ដេចបញ្ជាក់ថា «បច្ចុប្បន្នពាក់ព័ន្ធទៅនឹង បញ្ហាសន្តិសុខ គឺមានកិច្ចការសំខាន់ៗចំនួនពីរ ដោយទីមួយ គឺពាក់ព័ន្ធទៅនឹងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទីពីរ គឺការងារប្រយុទ្ធប្រឆាំង ទៅនឹងអំពើជួញដូរមនុស្ស ដែលកិច្ចការទាំងនេះ ជាការងារដ៏ស្មុគស្មាញ ហើយដែលកម្ពុជា កំពុងតែបន្តយុទ្ធនាការ ក៏ដូចជាបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ ប្រកបដោយឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់»។

សម្ដេចបន្តថា មួយវិញទៀត កម្ពុជាក៏កំពុងតែខិតខំប្រយុទ្ធប្រឆាំង ទៅនឹងបទល្មើសសម្អាតប្រាក់ និងការប្រឆាំងទៅនឹងការរីកសាយភាយ នៃអាវុធមហាប្រល័យផងដែរ។

នាឱកាសនោះ លោក អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានឯកភាពចំពោះការលើកឡើង របស់សម្ដេចទៅលើទិដ្ឋភាពល្អប្រសើរ នៃការរក្សាសន្តិសុខ នៅតាមខ្សែបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ។

លើសពីនេះ លោកក៏បានភាពថា បញ្ហាគ្រឿងញៀន និងការជួញដូរមនុស្ស គឺជាកិច្ចការមួយដែលប្រឈម និងត្រូវតែបន្តធ្វើយ៉ាងណាខិតខំសហការ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាប៕

To Top