ភ្នំពេញ៖ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ កំពុងពិភាក្សាអំពីដំណើរការ អនុវត្តទោសក្នុងសហគមន៍ ដើម្បីសម្រួលដល់ការចង្អៀតណែន ក្នុងពន្ធនាគារ ដូចជា សាកល្បងអនុវត្តការដោះលែង ឲ្យនៅក្រៅឃុំ សម្រាប់ប្រភេទបទល្មើសស្រាលៗ ខណៈកន្លងមក រាជរដ្ឋាភិបាលក៏បានអនុញ្ញាត ឲ្យអ្នកជាប់ពន្ធនាគារ ដែលមានទោសស្រាលៗ រស់នៅក្រៅឃុំផងដែរ ដោយភ្ជាប់លក្ខខណ្ឌ ។
នេះជាការថ្លែងរបស់ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាឱកាសទទួលជួបលោកស្រី Roueida EI Hage ប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការ សហប្រជាជាតិប្រចាំកម្ពុជា នាថ្ងៃទី២៧ កក្កដា ។ ក្នុងជំនួបនោះសម្ដេច បានថ្លែងអំណរគុណ ចំពោះការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ដែលកន្លងមកបានជួយគាំទ្រ ដល់គម្រោងនានា លើការងារពន្ធនាគារ។
សម្ដេចបន្ដថា បន្ទាប់ពីការអនុវត្តយុទ្ធនាការ បង្ក្រាបគ្រឿងញៀន ពន្ធនាគារកម្ពុជា ក៏ជួបប្រទះនូវបញ្ហាប្រឈម ដោយសារចំនួនកើនឡើង នៃអ្នកជាប់ឃុំ។
ចំពោះអ្នកពាក់ព័ន្ធទៅនឹង បទល្មើសគ្រឿងញៀននេះ សម្ដេច ស ខេង បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក៏កំពុងតែខិតខំដោះស្រាយ បញ្ហានេះតាមរយៈការបន្តកសាង ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារបន្ថែម នៅតាមបណ្ដារាជធានី-ខេត្ត ព្រមទាំងសាងសង់ មជ្ឈមណ្ឌលស្ដារនីតិសម្បទា និងបន្សាបគ្រឿងញៀន។
សម្ដេចបញ្ជាក់ថា «ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ក៏កំពុងពិភាក្សាអំពីដំណើរការ អនុវត្តទោសក្នុងសហគមន៍ ដើម្បីជួយសម្រួលដល់ការចង្អៀតណែន ក្នុងពន្ធនាគារ ក៏ដូចជា ការសាកល្បងអនុវត្ត ការដោះលែងឲ្យនៅក្រៅឃុំ សម្រាប់ប្រភេទបទល្មើសស្រាលៗ និងដោយផ្អែកលើលក្ខខណ្ឌ កំណត់មួយចំនួន ដែលកិច្ចការនេះក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌កំពុងពិភាក្សាគ្នា ផ្អែកលើមូលដ្ឋាន នៃក្រមព្រហ្មទណ្ឌកម្ពុជា»។
នាឱកាសនោះដែរ លោកស្រី Roueida EI Hage បានថ្លែងអំណរគុណចំពោះ សម្តេច ស ខេង បានផ្តល់នូវការគាំទ្រដល់បេសកកម្មការងារ របស់ការិយាល័យ ជាពិសេសគឺការគាំទ្រ ការចុះធ្វើទស្សនកិច្ចតាមបណ្ដាពន្ធនាគារ ដើម្បីផ្ដល់ការគាំទ្រចាំបាច់នានា ដល់ការងារពន្ធនាគារ៕