ភ្នំពេញ៖ ក្រសួងបរិស្ថានបានឲ្យដឹងថា អន្ទាក់គឺជាកត្តាគំរាមកំហែង យ៉ាងធ្ងន់ធ្ងរចំពោះជីវិតសត្វព្រៃនៅកម្ពុជា ខណៈឆ្នាំ២០២១ មានអន្ទាក់ចំនួន៦១៦១១អន្ទាក់ ត្រូវបានយកចេញពីតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះនៅកម្ពុជា។
តាមរយ:គេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាននាថ្ងៃ ២៨ កក្កដា បានឲ្យដឹងថា “អន្ទាក់ គឺជាកត្តាគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះជីវិតសត្វព្រៃនៅកម្ពុជា។ គ្រាន់តែនៅក្នុងតំបន់ការពារធម្មជាតិ ចំនួនប្រាំក្នុងប្រទេសកម្ពុជា ដែលរួមមានឧទ្យានជាតិភ្នំក្រវាញ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច មានអន្ទាក់សរុបចំនួន ២៣៤២៩១ ត្រូវបានយកចេញក្នុងចន្លោះឆ្នាំ២០១០ ដល់២០១៩”។

ក្រសួងបន្ដថា ឆ្នាំ២០២១ មានអន្ទាក់ដល់ទៅ ៦១៦១១អន្ទាក់ ត្រូវបានយកចេញពីតំបន់ការពារធម្មជាតិ និងរបៀងជីវៈចម្រុះចំនួន៧២កន្លែងនៅកម្ពុជា។ ចំនួននេះមានការកើនឡើងលើស ពីចំនួនជាមធ្យមក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ដែលមានចំនួន ៤០០០០អន្ទាក់ក្នុងមួយឆ្នាំ។ ចំនួននេះគ្រាន់តែជាចំណែកដ៏តូចប៉ុណ្ណោះ នៃចំនួនអន្ទាក់ដែលត្រូវបានប៉ាន់ប្រមាណថា បានដាក់ប្រើប្រាស់ក្នុងព្រៃកម្ពុជា ហើយបានបន្តគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះជីវិតសត្វព្រៃ ជាពិសេសប្រភេទសត្វជិតផុតពូជ។

ដើម្បីដោះស្រាយវិបត្តិអន្ទាក់នេះ ក្រសួងបរិស្ថាន រដ្ឋាភិបាលដែលទទួលខុសត្រូវ និងអង្គការអភិរក្សអន្តរជាតិ បានសហការគ្នាប្រកាសចាប់ផ្តើមយុទ្ធនាការ “អន្ទាក់សូន្យ” នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា គោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពី ការប្រើប្រាស់អន្ទាក់សត្វខុសច្បាប់ និងប្តេជ្ញាចិត្តរួមគ្នាក្នុងការលុបបំបាត់ ការដាក់អន្ទាក់នៅក្នុង តំបន់ការពារធម្មជាតិកម្ពុជា ដើម្បីឲ្យសត្វព្រៃរបស់កម្ពុជា អាចផ្លាស់ទីបានដោយសេរី និងសុវត្ថិភាពនៅក្នុងតំបន់ការពារទាំងនោះ៕



