ព័ត៌មានជាតិ

ពលរដ្ឋ វៀតណាម រាប់ម៉ឺននាក់ បានអំពាវនាវ ឱ្យបញ្ឈប់ការជួញដូរ សាច់សត្វឆ្កែ និងសត្វឆ្មា

វៀតណាម ៖ កាលពីខែធ្នូកន្លងទៅ អង្គការ FOUR PAWS ដែលជាអង្គការ ធ្វើការផ្តោកលើសុខុមាលភាពសត្វ ទូទាំងពិភពលោក បានសរសេរ លិខិតមួយច្បាប់ ទៅកាន់ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Vu Duc Dam ដោយអំពាវនាវ ឱ្យបញ្ឈប់ជាបន្ទាន់ នូវការជួញដូរសាច់ឆ្កែ និងឆ្មា ។ លិខិតនេះត្រូវបានចុះហត្ថលេខា និងគាំទ្រ ដោយប្រជាពលរដ្ឋវៀតណាម ចំនួន ៣៣០០០ នាក់ តាមរយៈយុទ្ធនាការ “នេះមិនមែនវៀតណាម” ។

ការអំពាវនាវ ឱ្យបញ្ឈប់ ការជួញដូរសាច់ឆ្កែ និងឆ្មា ក៏ត្រូវបានចូលរួមអំពាវនាវ ដោយក្រុមហ៊ុន ទេសចរណ៍ធំៗ ជាង ៤០ ដែលបានសន្យាថា នឹងគាំទ្រ នៅយុទ្ធនាការមួយនេះ យ៉ាងមុតមាំ ។ លើសពីនេះ មនុស្សជាង 1.6 លាននាក់ទូទាំងពិភពលោក បានចុះហត្ថលេខាលើញត្តិ ហើយភ្ញៀវទេសចរអន្តរជាតិ ជាង ២៤.០០០ នាក់ បានសរសេរសារ ទៅកាន់ក្រុមប្រឹក្សាជាតិ ទេសចរណ៍ របស់ប្រទេសវៀតណាម ដោយបង្ហាញពីការ ព្រួយបារម្ភ របស់ពួកគេអំពីការជួញដូរ នៃសាច់សត្វទាំងនេះ ។

ដើម្បីអបអរសាទរភាព ជោគជ័យ នៃយុទ្ធនាការនេះ អង្គការ FOUR PAWS បានរៀបចំព្រឹត្តិការណ៍មួយ នៅទីក្រុងហាណូយ ដោយមានវាគ្មិនសំខាន់ៗ ជាច្រើន និងបានបង្ហាញការយល់ឃើញរៀងៗខ្លួន ទាក់ទងទៅនឹងការអំពាវនាវ ឱ្យមានការបញ្ឈប់ ការជួញដូរ សាច់សត្វឆ្កែ និងសត្វឆ្មា ទៅដល់រដ្ឋាភិបាល វៀតណាមផងដែរ ។ វេជ្ជបណ្ឌិត Karanvir Kukreja ប្រធានយុទ្ធនាការ ប្រចាំអាស៊ីអាគ្នេយ៍ (សត្វចិញ្ចឹម) នៃអង្គការ FOUR PAWS បាននិយាយថា “អ្វីដែលយើង ទទួលបាន ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ គឺជាការឆ្លើយតប ដែលមិនគួរឱ្យជឿមួយទៀត ពីប្រជាជនវៀតណាម សម្រាប់ការគាំទ្រ យន្តការនេះ ។ ការឆ្លើយតបនេះ គឺជារលកមួយទៀតនៃការអំពាវនាវ ឱ្យមានការហាមប្រាម ជាបន្ទាន់លើការសម្លាប់ដ៏ព្រៃផ្សៃ ព្រមទាំងការលក់សាច់សត្វឆ្កែ និងឆ្មា ។

“ការជួញដូរនេះ មិនត្រឹមតែផ្តល់ការប៉ះពាល់ សម្រាប់សត្វប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់សុខភាព របស់មនុស្សផងដែរ ដូចជា ជំងឺឆ្កែឆ្កួតជាដើម ។ ការជួញដូរ ដ៏គួរឱ្យស្អប់ខ្ពើមនេះ មិនសាកសមមាននៅក្នុងសង្គមទំនើប និងសង្គមដែលមានវប្បធម៌ សម្បូរបែប ដូចជាប្រទេសវៀតណាម ហើយរដ្ឋាភិបាល វៀតណាម មិនអាចព្រងើយកន្តើយ នឹងសំឡេងរបស់ប្រជាជន ភាគច្រើនរបស់ខ្លួននោះឡើយ។ យើងកំពុងសង្កេតឃើញ នៅតាមតំបន់ផ្សេងៗ ដូចជាទីក្រុង ហាណូយ នៅប្រទេស វៀតណាម ខេត្តសៀមរាប ក្នុងប្រទេសកម្ពុជា និងបណ្តាខេត្តជាច្រើន ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលការជួញដូរនេះ កំពុងត្រូវបានហាមឃាត់ ។
“ការផ្លាស់ប្តូរកំពុងកើតឡើងមក និង លឿនខ្លាំងណាស់ ដូចនេះ យើងជំរុញឱ្យអាជ្ញាធរចាត់វិធានការភ្លាមៗ ដើម្បីការពារមនុស្ស និងសត្វ ដោយបញ្ឈប់ ភាពសាហាវឃោរឃៅ នៃការជួញដូរហួស សម័យនេះជារៀងរហូត” ។

អ្នកស្រី Ninh Phuong Thao អ្នកសម្របសម្រួលគម្រោង ការបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មា នៃអង្គការ FOUR PAWS (វៀតណាម) បានបន្ថែមថា “ក្នុងនាមជាប្រជាជនវៀតណាម ខ្ញុំមិនភ្ញាក់ផ្អើលទេ ដែលឃើញលទ្ធផល នៃការស្ទង់មតិឆ្នាំ 2021 ដែលបង្ហាញថា ប្រជាជនវៀតណាមចំនួន 88% នឹងគាំទ្រការបញ្ឈប់ ការជួញដូរសាច់សត្វឆ្កែ និងសត្វឆ្មា រួមទាំង 95% ទៀត បានគាំទ្រយុទ្ធនាការនេះមិនមែនវប្បធម៌វៀតណាមទេ ។ ដោយបានឃើញនូវការគាំទ្រ ប្រឆាំងនឹងការជួញដូរនេះយ៉ាងមុតមាំ និងមតិយោបល់ជាង 25,000 ពីប្រជាជន ដែលបានផ្ញើសារ ថា ការជួញដូរសាច់ឆ្កែ និងឆ្មា មិនមែនជាអ្វីដែលប្រជាជនវៀតណាម ភាគច្រើនចង់បាននោះទេ ។

ក្រុមហ៊ុនទេសចរណ៍ធំៗ ជាច្រើនមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីការគាំទ្រ របស់ពួកគេសម្រាប់ការបញ្ឈប់ការ ជួញដូរសាច់សត្វឆ្កែ និងឆ្មា ដែលរួមមាន Diethelm, Discova, Easia Travel និង Luxperia ។ លោក Linh Le នាយកគ្រប់គ្រងក្រុមហ៊ុន Luxperia ដែលជាក្រុមហ៊ុន គ្រប់គ្រងគោលដៅទេស ចរណ៍ដ៏ធំមួយ ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍ នោះបានបន្ថែមថា “យើងស្វាគមន៍ ចំពោះសកម្មភាព របស់អង្គការ FOUR PAWS អន្តរជាតិ ដើម្បីបញ្ឈប់ការជួញដូរសាច់ឆ្កែ និងឆ្មានៅវៀតណាម។ LUXPERIA ពឹងផ្អែកការងើបឡើងវិញ នៃគោលដៅទេសចរណ៍ និងសុវត្ថិភាព ដើម្បីការពារភ្ញៀវ អន្តរជាតិ ដែលជាខ្លឹមសារ នៃកិច្ចសន្យាសាជីវកម្ម ដែលយើងបានចុះហត្ថលេខា ។ យើងសូមអបអរសាទរ ចំពោះការលះបង់របស់ FOUR PAWS ចំពោះការការពារសត្វ និងទន្ទឹងរង់ចាំថ្ងៃ ដែលប្រទេសវៀតណាម ទាំងមូលគ្មានការជួញដូរសាច់ឆ្កែ និងឆ្មា ។”

“កញ្ញា Mau Thuy ដែលជាតារាសម្តែង និងជាបង្កើតមាតិកាម្នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាវាគ្មិន ដោយបង្ហាញ ការគាំទ្រ យ៉ាងខ្លាំង របស់កញ្ញា ចំពោះការ អំពាវនាវឱ្យបញ្ឈប់ការជួញ ដូរសាច់ឆ្កែ និងឆ្មា ដោយបាននិយាយថា “ក្នុងនាមជាជនជាតិ វៀតណាម ដែលបានជួបមនុស្ស គ្រប់មជ្ឈដ្ឋាន ខ្ញុំអាចនិយាយបានថា ភាគច្រើនមិនចូលរួមក្នុងការជួញដូរសាច់ឆ្កែ និងឆ្មា សូម្បីតែអ្នកបរិភោគក៏ដោយ។ ការជួញដូរនេះ មិនតំណាងឱ្យប្រទេស វៀតណាមទេ ហើយក៏មិនគួរក្លាយជាផ្នែកនៃអនាគតរបស់យើងដែរ ។”
ជាមួយគ្នានេះ អ្នកចូលរួមក៏បានចុះហត្ថលេខាលើ បន្ទះក្តារពណ៌ស ដែលរៀបចំដោយអង្គការ FOUR PAWS ដើម្បីបញ្ជាក់ ពីការប្តេជ្ញាចិត្ត និងចូលរួមជាមួយភាគី ពាក់ព័ន្ធសំខាន់ៗផ្សេងទៀត និងមនុស្សរាប់លាននាក់ ដែលបានបង្ហាញពីអារម្មណ៍ របស់ពួកគេក្នុងការ បញ្ឈប់ការជួញដូរនេះ។

ទីក្រុងហាណូយ ក្លាយជាទីក្រុងដំបូងបង្អស់ នៅប្រទេសវៀតណាម ដែលសត្វឆ្កែ និងឆ្មា ត្រូវបានយកចិត្តទុកដាក់ និងការពារ ៖ https://www.four-paws.org/our-stories/press-releases/vietnam-establishes-first-ever-dog-and-cat-meat-free-
ការស្ទង់មតិមួយ របស់អង្គការ FOUR PAWS ដែលបានធ្វើឡើងនៅដើមឆ្នាំ 2021 នៅទូទាំងប្រទេសវៀតណាម បានរកឃើញថា ជនជាតិ វៀតណាមភាគច្រើន ចង់ឱ្យរដ្ឋាភិបាលរបស់ពួកគេ ចាត់វិធានការ ដោយ 91% នៃអ្នកឆ្លើយតប បានឆ្លើយថាការជួញដូរនេះ គួរត្រូវបានហាមខាត ឬមិនលើកទឹកចិត្តធ្វើ ។ នៅពេលសួរថា តើពួកគេនឹងគាំទ្រការហាមប្រាមលើការជួញដូរសាច់ឆ្កែ និងឆ្មា 88%នៃឆ្លើយសំណួរ បាននិយាយថា ពួកគេពេញចិត្តខ្លាំងណាស់ ចំពោះវិធានការបែបនេះ ។ លើសពីនេះទៅទៀត អ្នកឆ្លើយសំណួរត្រូវបានសួរថា តើពួកគេមានអារម្មណ៍ថា ការទទួលទានសាច់ឆ្កែ និងឆ្មាជាផ្នែកមួយ នៃវប្បធម៌វៀតណាមដែរឬទេ ដោយចម្លើយរបស់ពួកគេស្ទើរទាំងស្រុងគឺទេ ដោយក្នុងនោះមាន 95% បង្ហាញថានេះមិនមែនជាផ្នែកនៃវប្បធម៌របស់ពួកគេនោះទេ ។

ជារៀងរាល់ឆ្នាំ សត្វឆ្កែ និងឆ្មាប្រមាណ ១០លានក្បាល ត្រូវបានចាប់ ដឹកជញ្ជូន និងសម្លាប់យកសាច់របស់ពួកគេ នៅក្នុងប្រទេសកម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ។ ភាគច្រើននៃសត្វទាំងនេះ គឺជាសត្វចិញ្ចឹមដែលត្រូវបានគេលួច និងសត្វដែលវង្វេងចេញពីផ្ទះ ដែលត្រូវបានចាប់ដើម្បីផ្គត់ផ្គង់ទីផ្សារ។ ទំហំនៃការជួញដូរ និងការរងទុក្ខវេទនាដែលពាក់ព័ន្ធ ធ្វើឱ្យវាក្លាយជាបញ្ហាសុខុមាលភាព សត្វចិញ្ចឹមដ៏ធ្ងន់ធ្ងរបំផុត មួយនៅអាស៊ី ។

ការស្ទង់មតិ របស់អង្គការ FOUR PAWS 2019 បានបង្ហាញឱ្យឃើញថា ជនជាតិវៀតណាមត្រឹមតែ 6% ប៉ុណ្ណោះ ដែលទទួលទានសាច់ឆ្កែ និង/ឬឆ្មា ជាប្រចាំ ។ ការស្ទង់មតិឆ្នាំ 2021 របស់យើង ក៏រកឃើញ ដូចគ្នានេះដែរ ។ លើសពីនេះ ក្មេងជំនាន់ក្រោយជាទូទៅ មិនគាំទ្រការទទួលទាន សត្វចិញ្ចឹមទាំង នោះទេ ដោយសារការកើនឡើង នៃចំនួនមនុស្ស ជាម្ចាស់សត្វចិញ្ចឹម ។ ជាមួយគ្នានេះ ការស្ទង់មតិដែលធ្វើឡើងនៅចុងឆ្នាំ 2020 និងដើមឆ្នាំ 2021 បានរកឃើញថា ប្រជាជនភាគច្រើនលើសលប់នៅក្នុងប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូនេស៊ី នឹងគាំទ្រការហាមឃាត់លើការជួញដូរសាច់ឆ្កែ និងឆ្មា ។

បន្ថែមពីលើនេះ អង្គការ FOUR PAWS គាំទ្រ ដល់អង្គការក្នុងស្រុក ដែលធ្វើលើសុខុមាលភាពសត្វ និងសហគមន៍ជាមួយនឹង កម្មវិធីថែទាំសត្វវង្វេង ប្រកបដោយមនុស្សធម៌ និងនិរន្តរភាព ។ អង្គការ FOUR PAWS ក៏ជាសមាជិកនៃសម្ព័ន្ធសុខុមាលភាពសត្វ ជាច្រើនផងដែរ រួមមាន Dog Meat Free Indonesia (DMFI), Asia Canine Protection Alliance (ACPA) និងសម្ព័ន្ធ Cats Matter Too ដែលបានអំពាវនាវប្រឆាំង នឹងការជួញដូរសាច់ឆ្កែ និងឆ្មានៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ផងដែរ ក៏ដូចជាអង្គការសម្ព័ន្ធសត្វអាស៊ី ដែលធ្វើការដើម្បីកែលម្អសុខុមាលភាព របស់សត្វទាំងអស់ នៅទូទាំងអាស៊ី៕

To Top