កំពង់ស្ពឺ៖ ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ នាព្រឹកមិញនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ ប.ស.ស. បានថ្លែងថា៖ យោងតាមអនុសាសន៍ទី៧ ក្នុងចំណោមអនុសាសន៍ទាំង១០ របស់សម្តេចតេជោ ដែលបានថ្លែងឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅតាមបណ្តារោងចក្រកាលពីឆ្នាំ២០១៨ សម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ថា “បងប្អូនកម្មករនិយោជិត ក្នុងវិស័យឯកជនទាំងអស់ នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ដូចទៅនឹងមន្រ្តីរាជការដែរ” ។
ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ បច្ចុប្បន្នបងប្អូនកម្មករនិយោជិត ក្នុងវិស័យឯកជនទាំងអស់ កំពុងនឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ដូចទៅនឹងអនុសាសន៍ដ៏ខ្ពងខ្ពស់ របស់សម្តេចតេជោពិតប្រាកដមែន។ នេះសបញ្ជាក់ឱ្យឃើញថា សម្តេចតេជោ មិនត្រឹមតែជួយសង្គ្រោះ អាយុជីវិតពលរដ្ឋកម្ពុជា ឱ្យរស់រានមានជីវិតសារជាថ្មីប៉ុណ្ណោះទេ តែសម្តេចនៅតែបន្តជួយដល់ពលរដ្ឋដែលកំពុងបម្រើការងារ ក្នុងវិស័យឯកជនទាំងអស់ ពិសេសនៅពេលពលរដ្ឋ មានវ័យចំណាស់ ឱ្យទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) តាមរយៈការបង្កើតឱ្យមានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដូចមានចែងនៅក្នុងច្បាប់ ស្តីពីរបបសន្តិសុខសង្គម។
លោកអគ្គនាយក បានថ្លែងបញ្ជាក់ទៀតថា៖ នេះគឺជាប្រវត្តិសាស្រ្តថ្មីមួយ ក្នុងសម័យសម្តេចតេជោ ដែលពលរដ្ឋកម្ពុជាបម្រើការងារក្នុងវិស័យឯកជនទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ដូចទៅនឹងបណ្តាប្រទេសជឿនលឿនដទៃទៀត ក្នុងសកលលោកផងដែរ។
លោកអគ្គនាយក ក៏បានអំពាវនាវទៅដល់ ម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ និងពេញចិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនថ្មីមួយនេះ ដែលជាកាដូដ៏ពិសេសបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសជាមួយគ្នានេះ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ លោកបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុត ចំពោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាប្រតិបត្តិករតែមួយគត់ ក្នុងការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដែលក្នុងនោះ ប.ស.ស. សម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងការផ្តល់សេវាជូនសមាជិករបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ទាំងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងជាពិសេសផ្នែកប្រាក់សោធន គឺជារបបសន្តិសុខសង្គមថ្មីមួយ ដែលកម្ពុជាមិនធ្លាប់មាន និងទើបដាក់ឱ្យអនុវត្តថ្មីៗនេះ។
សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់អភិបាលរងខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ តំណាងសហគ្រាស គ្រឹះស្ថាន និងអង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង ៣០០នាក់ នៅសាលាខេត្តកំពង់ស្ពឺ៕