វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានបញ្ជាក់ពីករណី កើតជំងឺអុតស្វាជិត ៥០០០ករណី ខណៈរដ្ឋ San Francisco និងរដ្ឋ New York បានចាប់ផ្តើមចាត់វិធានការ ដើម្បីដោះស្រាយភាពអាសន្ននៃការផ្ទុះឡើង។
យោងតាមទិន្នន័យចុងក្រោយបំផុត ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា ករណីជំងឺអុតស្វាសរុបចំនួន ៤៩០៧ករណី ត្រូវបានរាយការណ៍នៅទូទាំងប្រទេសគិតត្រឹមថ្ងៃព្រហស្បតិ៍។
ញូវយ៉កមានករណីច្រើនជាងគេ ដោយមាន ១២៤៧ ករណី បន្ទាប់មករដ្ឋកាលីហ្វ័រញ៉ា មាន ៧៩៩ ករណី និងរដ្ឋ អ៊ីលីណយ មាន ៣៩៦ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
រហូតមកដល់ពេលនេះ សហរដ្ឋអាមរិក មានករណីកើតជំងឺអុតស្វាច្រើនជាងគេក្នុងពិភពលោក។ អ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា ដោយសារការធ្វើតេស្តសាកល្បងនៅសហរដ្ឋអាមេរិក មានឧបសគ្គ នោះករណីជំងឺអុតស្វា ទំនងជាត្រូវបានរាប់មិនគ្រប់។
ខណៈពេលដែលមន្ត្រីសហព័ន្ធ របស់សហរដ្ឋអាមេរិកថ្លឹងថ្លែងការប្រកាសអាសន្នផ្នែក សុខភាពសាធារណៈទូទាំងប្រទេសជុំវិញការផ្ទុះឡើងនៃជំងឺស្វានោះ រដ្ឋ San Francisco និង New York បានចាប់ផ្តើមបន្លឺសំឡេងរោទិ៍ ឬការប្រកាសអាសន្ន កាលពីថ្ងៃព្រហស្បតិ៍។
សាន់ហ្វ្រាន់ស៊ីស្កូ បានក្លាយជាទីក្រុងដ៏សំខាន់ដំបូងគេរបស់សហរដ្ឋអាមេរិក ដែលប្រកាសអាសន្នផ្នែកសុខភាពក្នុងតំបន់លើជំងឺអុតស្វាក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបរបស់ទីក្រុង ចំពេលមានតម្រូវការខ្ពស់សម្រាប់វ៉ាក់សាំង៕