ព័ត៌មានជាតិ

ការចាត់ទុកខ្លួនឯង ជាអ្នកបម្រើប្រជាជន ដោយស្មោះត្រង់ ជាវប្បធម៌បម្រើការងារ របស់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ប.ស.ស.

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. បានដាក់ចិត្តដាក់កាយរបស់ខ្លួន ជាអ្នកបម្រើប្រជាជន ដោយស្មោះត្រង់ តាមរយៈការមកទទួលសេវា ពីសំណាក់សមាជិក ប.ស.ស. ដែលជានិច្ចកាល មិនបានចាត់ទុកខ្លួនឯងជាមន្រ្តី ឬជាអ្នកមានឋានៈ តួនាទីអ្វីឡើយ គឺតែងតែបំពេញតួនាទីរបស់ខ្លួន ជាមន្រ្តីគ្រាប់ល្ពៅទី៤ ដែលជាអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបម្រើសេវា ដោយស្មោះត្រង់ពិតប្រាកដ ជូនប្រជាពលរដ្ឋ ប្រកបដោយភាពទន់ភ្លន់ ជាមួយនឹងសុជីវធម៌ល្អ ដែលនេះជាវប្បធម៌ ក្នុងការបម្រើការងាររបស់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក ប.ស.ស. ។

នេះជាការថ្លែងឡើងពីសំណាក់ លោកអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង ដែលប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២២ ជូនដល់បុគ្គលិក ដែលទើបចូលបម្រើការងារថ្មី និងមានការចូលរួម​ពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំអង្គភាព ប.ស.ស. និងសិក្ខាកាមសរុបប្រមាណជា ២០០នាក់ ស្ថិតនៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ ការចូលបម្រើការងារនៅ ស្ថាប័ន ប.ស.ស. គឺមាននាមជាបុគ្គលិក ប.ស.ស. ដូចនេះក្មួយៗត្រូវមានចិត្តស្អប់ខ្ពើម នូវអំពើដែលខុសច្បាប់ និងខ្លាចរអែងនូវសកម្មភាព ដែលខុសច្បាប់ ក្នុងន័យដើម្បីក្លាយជាពលរដ្ឋគំរូម្នាក់ ជាពិសេសសូមចាត់ខ្លួន ជាអ្នករស់នៅក្រោមដំបូល​តែមួយជាមួយគ្នា និងត្រូវប្រតិបត្ដិនូវលក្ខន្ដិកៈការងារ ព្រមទាំងវិន័យការងារជាមួយគ្នា ជាងនេះទៅទៀត​ ត្រូវហ៊ានលះបង់ នូវពេលវេលា និងសេរីភាពផ្ទាល់ខ្លួនខ្លះ ដើម្បីមកចូលរួម​បម្រើសង្គមការងារមួយនេះ ដែលមានទស្សនវិស័យបម្រើសមាជិក ប.ស.ស. ក៏ដូចជាប្រជាជនទាំងអស់ នៅក្នុងសង្គមជាតិរបស់យើង។

លោកអគ្គនាយក ប.ស.ស. បានថ្លែងបន្ថែមថា៖ តាមរយៈវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងនេះ សូមក្មួយៗយកចិត្តទុកដាក់ និងចូលរួមឱ្យបានផុសផុល នៅក្នុងការទទួលយកចំណេះដឹង និងបទពិសោធន៍ពីគ្រូឧទ្ទេស ដែលនឹងត្រូវធ្វើការបង្ហាត់បង្ហាញ នាពេលនេះ ដើម្បីយកទៅអនុវត្​តការងាររបស់ខ្លួន ប្រកបដោយសាមគ្គីភាពផ្ទៃក្នុង ទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ ឲ្យបានទាន់ពេលវេលា ប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់៕

To Top