ស្វាយរៀង ៖ លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ នៅព្រឹកថ្ងៃទី១ខែសីហាឆ្នាំ២០២២ បានដាក់ឱ្យដំណើការ រថយន្តដឹកសំរាម ម៉ាក់isuzu ១គ្រឿង ដែលទទួលបានពីក្រសួងបរិស្ថាន តាមរយៈគម្រោង ៣សេវា ៣គាំទ្រ (៣ស៣គ) ដើម្បីការរស់នៅស្អាត ភូមិឋានស្អាត របស់ក្រសួងបរិស្ថាន។
ពិធីទទួលរថយន្តដឹកសំរាមនេះ មានការចូលរួមពីលោកពេញ ទិត្ថារ៉ា និងលោកអភិបាលរងស្រុកនិងមន្ត្រីរាជការជុំវិញស្រុកផងដែរ។
លោកសុច ពិសីបានថ្លែងថា ការប្រគល់រថយន្តពីក្រសួងបរិស្ថាន ដល់រដ្ឋបាលស្រុកកំពង់រោទិ៍នេះ គឺសម្រាប់ផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង នៅតាមទីប្រជុំជនស្រុក ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនស្រុក ប្រកបដោយប្រសិទ្ធិភាព តម្លាភាព សំដៅធានាបាននូវសោភ័ណភាព កិច្ចគាំពារសុខភាព សាធារណៈ និងបរិស្ថាន។
ជាមួយគ្នានេះអភិបាលស្រុកកំពង់រោទិ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថាន និងឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ដែលបានផ្តល់រថយន្តដឹកសំរាមនេះជូនរដ្ឋបាលស្រុក ក្នុងការប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង នៅក្នុងទីប្រជុំជនស្រុកកំពង់រោទិ៍ទាំងមូល។
លោកក៏បានអរគុណ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលបានដឹកនាំ ចង្អុលបង្ហាញ និងមន្ទីរបរិស្ថានខេត្ត ដែលបានចូលរួមសហការ ជាមួយនឹងអាជ្ញាធរស្រុក ដែលធ្វើឲ្យរដ្ឋបាលស្រុក ទទួលបាននូវ រថយន្តដឹកសំរាមមួយនេះ ដើម្បីចូលរួមចំណែក នៅក្នុងការសំអាតបរិស្ថាន នៅក្នុងទីប្រជុំជនស្រុកទាំងមូលឱ្យបានល្អប្រសើរស្រប តាមអនុក្រឹត្យលេខ ១១៣ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ឱ្យដឹងថា រថយន្តដឹកសំរាមនេះ នឹងចូល រួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕