ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងរៀបចំការប្រឡង ប្រណាំង «ភូមិ-ឃុំ‑សង្កាត់ មានសុវត្ថិភាព» ក្នុងវិស័យបរិស្ថាន ដោយផ្អែកលើលក្ខណៈសម្បត្តិទី៦ «មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ» នៃគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។
យោងតាមសេចក្ដី ជូនដំណឹង របស់ក្រសួងបរិស្ថាន នាពេលថ្មីៗ បានបញ្ជាក់ថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រ និងអនុវត្តគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់តម្លៃ និង លើកទឹកចិត្តដល់ ភូមិ-ឃុំ សង្កាត់ ដែលអនុវត្តបានល្អ នូវលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។
ក្រសួងបន្ដថា ចំពោះពាក្យស្នើសុំចូលរួមប្រឡង ប្រណាំងអាចទទួលយកពី រដ្ឋបាលក្រុង ស្រុក ខណ្ឌសាមី ដោយឥតគិតថ្ល ចាប់ពីថ្ងៃផ្សាយដំណឹងនេះ។ ផុតកំណត់ការទទួលពាក្យ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ខាងមុខ ជាកាលកំណត់។
លើសពីនេះ ក្រសួងបរិស្ថាន ក៏បានណែនាំអភិបាលក្រុង ស្រុក ខណ្ឌ ធ្វើការជ្រើសរើស បេក្ខភាព ឃុំ-សង្កាត់ ឆ្នើមចំនួន ១រូប ដែលបានគ្រប់គ្រង ថែរក្សា ការពារធនធានធម្មជាតិ និងបរិស្ថាន និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីអនាម័យក្នុង ភូមិ-ឃុំ-សង្កាត់ ប្រកបដោយប្រសិទ្ធិភាព រួចបញ្ជូនមក នាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន៕