ភ្នំពេញ៖ បណ្តារដ្ឋមន្រ្តីការបរទេសរបស់ប្រទេស៤ និងអគ្គលេខាធិការអាស៊ាន បានមកដល់កម្ពុជា ជាបណ្តើរៗហើយ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ស្អែកនេះ ។ នេះបើតាមការផ្សាយ របស់ក្រសួងការបរទេសខ្មែរ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាសណ្ឋាគារសុខា។
រដ្ឋមន្រ្តីការបរទេសទាំង៤នោះរួមមាន ៖ លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត , លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម , លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម , លោក Nikolaos Dendias រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋក្រិក និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ។

បើតាមប្រភពពីមន្រ្តីក្រសួងការបរទេសខ្មែរ គឺមានបណ្តារដ្ឋមន្រ្តីការបរទេស នៃប្រទេសសំខាន់ៗ ឫតំណាងចំនួន៣៧ប្រទស នឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ានចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃ៥ សីហា។ ក្នុងនោះ នឹងលេចចេញវត្តមាន រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសសំខាន់ៗមួយចំនួនផងដែរដូចជា ៖ អាមេរិក ចិន អូស្ត្រាលី ជប៉ុន រុស្ស៊ី និងអ៊ីស្លាមប៉ាគីស្ថាន ជាដើម៕



