ព័ត៌មានជាតិ

ផ្នែកមួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង និងព្រះសីហនុ អាចប្រឈមនឹង ជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ក្រសួងធនធានទឹក និឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៣-៩ សីហា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ ពីតិចទៅច្រើន លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសនោះផ្នែកមួយចំនួនក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។

យោងសេចក្តីជូនដំណឹងរបស់ក្រសួង នៅថ្ងៃ២ សីហា បានបញ្ជាក់ថា ចាប់ពីថ្ងៃ៣-៩ សីហា កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយ កាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរ ទៅខ្លាំងមកលើតំបន់មាត់សមុទ្រ។

ក្រសួងគូសបញ្ជាក់ថា ស្ថានភាពបែបនេះធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែក នៅថ្ងៃ៦-៩ សីហា ដោយសារឥទ្ធិពល ហ្ទឺន បណ្តាខេត្ត និងរាជធានី នៅវាលទំនាបភាគខាងត្បូង ភ្លៀងអាចធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ។

ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី មធ្យមទៅច្រើនលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

រីឯតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ។ នៅចន្លោះពីថ្ងៃ៦-៩ សីហា នឹងអាចមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួនក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។ សម្រាប់នៅលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ ៕

To Top