ព័ត៌មានជាតិ

ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលជួបប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម

ភ្នំពេញ ៖ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី ង្វៀន ធីថាញ់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា និងជាប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកស្រី និងគណៈប្រតិភូអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូ នៅកម្ពុជានាឱកាសនេះ បានរួមចំណែកពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងពេលអនាគតសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ 

ដោយឡែក លោកស្រី ង្វៀន ធីថាញ់ បានជម្រាបជូន សម្តេចប្រធានព្រឹទ្ធសភា ជ្រាបថា នេះជាលើកទី១ ហើយដែលលោកស្រី បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល៕

To Top