ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានសម្តែងការហួសចិត្តជាខ្លាំង ក្រោយពីរបបយោធាមីយ៉ាន់ម៉ា ឬភូមា បានអនុវត្តទោសប្រហារជីវិត ទៅលើសកម្មជនប្រឆាំង៤រូប ដែលមាននិន្នាការគាំទ្រ លោកស្រី អ៊ុង ស៊ានស៊ូជី ដោយសម្តេចបានអះអាងថា ក្រោយពីការកាត់ទោសបែបព្រៃផ្សៃនេះ គឺស្ថានការណ៍នៅមីយ៉ាន់ម៉ា សព្វថ្ងៃនេះ កាន់តែអាក្រក់ ជាងមុន ឆ្ងាយណាស់ ។
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ របបយោធាភូមា បានប្រកាសពីការកាត់ទោស ប្រហារជីវិត៤រូប លើសកម្មជនគណបក្សប្រឆាំង ។ សកម្មជនទាំង៤នោះរួមមាន ៖ លោក ភ្យូ ហ្សេយ៉ាថរ អតីតសមាជិក មកពីគណបក្ស លោកស្រី អ៊ុងសាន ស៊ូជី , លោក ក្យរ មីនយូ អ្នកនិពន្ធ និងជាអតីតមេចលនានិស្សិតដ៏ល្បីខាងប្រឆាំងកងទ័ពភូមា , លោក ឡា មីយូអោង និងលោក អោង ធូរ៉ាហ្ស ។
បន្ទាប់ពីការកាត់ទោសប្រហារជីវិតភ្លាមៗ សម្តេចក្នុងនាមជាប្រធានអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ បង្ហាញពីការតក់ស្លុតមួយដែរ ។ សម្រាប់សម្តេច ជាលើកទី២នេះដែលបានហៅស្ថានការណ៍នៅមីយ៉ាន់ម៉ា កាន់តែអាក្រក់ជាងពេលមុន នៅក្នុងប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន លើកទី៥៥ នៅថ្ងៃ៣ សីហានេះ បានថ្លែងរំលឹកទៀតថា កម្ពុជាក៏ដូចជារដ្ឋសមាជិក អាស៊ានទាំងអស់ខកចិត្ត និងរន្ធត់យ៉ាងក្រៃលែងចំពោះការ ប្រហារជីវិតសកម្មជន បក្សប្រឆាំង នៅមីយ៉ាន់ម៉ា ខណៈសម្ដេច និងថ្នាក់ដឹកនាំដទៃទៀត អំពាវនាវឲ្យមានការពិចារណាឡើងវិញ អំពីការកាត់ទោសប្រហារជីវិត ដើម្បីជាប្រយោជន៍នៃកិច្ច សន្ទនានយោបាយ សន្តិភាព និងការបង្រួបបង្រួមជាតិ ។
សម្តេចតេជោបន្តថា ចំពោះបញ្ហាមីយ៉ាន់ម៉ាបានចំណាយពេលវេលា និងថាមពលយ៉ាងច្រើន ដោយបានពុះពារ ការលំបាក និងជំនះការរិះគន់ជាច្រើន ដើម្បីជួយប្រទេសមួយនេះ និងប្រជាជនមីយ៉ាន់ម៉ារក ដំណោះស្រាយនយោបាយ។
សម្ដេចតេជោបញ្ជាក់ថា «យើងនឹងបន្តអនុវត្តការងារនេះ ដោយមិនធ្វើឲ្យប៉ះពាល់ដល់ឯកភាពអាស៊ាន តាមរូបភាពណាមួយឡើយ។ នាពេលនេះដែរ ខ្ញុំសូមអនុញ្ញាតបន្ថែមថា ទោះបីជាការអនុវត្តកុងសង់ស៊ីស ៥ចំណុច ពុំមានភាពជឿនលឿន តាមដែលគ្រប់គ្នាចង់បាន ប៉ុន្តែការខិតខំ របស់យើងកន្លងមក បានសម្រេចភាពជឿនលឿនខ្លះដែរ ជាពិសេសលើ ការងារ ផ្តល់ជំនួយមនុស្សធម៌ដល់អ្នក ដែលត្រូវការបំផុត។ ប៉ុន្តែសភាពការណ៍នៅពេលនេះ ប្រែប្រួលខ្លាំង ដែលអាចនិយាយបានថាកាន់តែអាក្រក់ ជាងមុន មានការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំណុចទៅទៀត ក្រោយពីការអនុវត្តទោសប្រហារ ជីវិតទៅលើសកម្មជន បក្សប្រឆាំង៤រូប» ។
ជាមួយគ្នានេះ សម្ដេចតេជោក៏បានព្រមានទុកជាមុនផងដែរ ប្រសិនក្នុងករណី មានអ្នកទោសដទៃទៀត ដែលនឹងត្រូវកាត់ទោសប្រហារជីវិត នឹងត្រូវបង្ខំចិត្តគិតគូរឡើងវិញ អំពីតួនាទីរបស់អាស៊ាន ចំពោះការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។
សូមបញ្ជាក់ថា ក្រោយពេលរបបយោធាភូមា ក្រោមការដឹកនាំដោយលោក មីង ឡោអាំង ប្រកាសពីការប្រហារជីវិត លើសកម្មជនបក្សប្រឆាំង ទាំង៤រូបភ្លាម បានធ្វើឲ្យបណ្តាប្រទេសមហាអំណាច ក្នុងពិភពលោក ជាច្រើនរួមទាំងអាមេរិក ជប៉ុន អង្គការសហប្រជាជាតិ និងអង្គការលើកលែងទោសអន្តរជាតិ បានចេញមកថ្កោលទោស ជាហូរហែរ បន្ទាប់ពីប្រទេសនេះ ត្រូវបានលុបបំបាត់ចោលទោស ប្រហារតាំងពីឆ្នាំ១៩៨៨ ៕