ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូ សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានទទួលជួបសម្តែង ការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូ សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្តីពីការឆ្លងរបាយការណ៍ និង វឌ្ឍនភាព នៃការជួសជុលកែលម្អអគារ មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ថា សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបំពេញ បេសកកម្មការងារ ផ្ដើមចេញពីការគាំទ្រ របស់ថ្នាក់ដឹកនាំសមាគមជាបន្តបន្ទាប់ ដោយបានធ្វើសកម្មភាពជួយ ដល់ខេត្តកំពង់ចាម ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២២ ដែលគិតជាទឹកប្រាក់រាប់លានដុល្លារ សហរដ្ឋអាមេរិករួចមកហើយ ក្នុងនោះផ្តោតទៅលើលើវិស័យមួយចំនួនដូចជា ៖ វិស័យសុខាភិបាល មានការកែលម្អ អគារមន្ទីរពេទ្យបង្អែកជាច្រើនក្នុងខេត្តកំពង់ចាម និងការបណ្ដុះបណ្ដាល និងបំពាក់សម្ភារៈបរិក្ខាពេទ្យ ធ្វើការជួសជុលអាគារ វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម វិស័យទឹកស្អាត អណ្ដូងទឹក បង្គន់អនាម័យ និងកន្លែងលាងដៃនៅតាមសាលារៀន និងសហគមន៍នានាទូទាំង ខេត្តកំពង់ចាមផងដែរ ។

ជាមួយគ្នានេះ ផ្នែកមនុស្សធម៌ តាមរយៈការចែកស្បៀងអាហារ និងជួសជុលលំនៅដ្ឋានជូនប្រជាពលរដ្ឋនៅស្រុកកង់មាសជាដើម។ ទន្ទឹមនិងនេះ ទិសដៅសម្រាប់ឆ្នាំ២០២២ សមាគមបានបន្តជួយលើវិស័យ សុខាភិបាលទូទាំងខេត្តកំពង់ចាម ដោយបានពង្រីកវិសាលភាពជំនួយរហូតទូទាំង ១០ក្រុង/ស្រុក ផងដែរ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមអាជ្ញាធរខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគាំទ្រនូវសកម្មភាពមនុស្សធម៌ របស់សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានចូលរួមលះបង់យ៉ាងធំធេង ក្នុងការលើកកម្ពស់វិស័យសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកនានា ក្នុងខេត្តនាពេលកន្លងមក ព្រមទាំងមានការផ្ដល់នូវបរិក្ខាវេជ្ជសាស្ត្រមួយចំនួនធំ សម្រាប់ពង្រឹង ពង្រីកវិស័យសុខាភិបាល ក្នុងខេត្តកំពង់ចាម ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ៕

To Top