ព័ត៌មានជាតិ

៧ខែ ឆ្នាំ២០២២ កម្ពុជា ទទួលចំណូល ពីការនាំចេញស្រូវ-អង្ករ ជាង៧០៥លានដុល្លារ

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ចំណូលពីការនាំចេញ ស្រូវ និងអង្ករ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២២ ធ្វើឲ្យកម្ពុជាទទួលបានចំណូលចំនួន ៧០៥.១៤លានដុល្លារ។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបរាប់ថា ការនាំចេញអង្ករ ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២២ បានចំនួន ៣៥០,៩០២តោន គិតជាទឹកប្រាក់ចំនួន ២១៨.១៧លានដុល្លារ ក្នុងនោះ កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ប្រទេស និងបានបរិមាណអង្ករសរុបចំនួន ៣៥០,៩០២តោន។

សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញសរុប មានកំណើន១៣.២៤% បើប្រៀបធៀបទៅនឹងការនាំចេញ ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ក្នុងរយៈពេល ៧ខែនេះដែរ អង្ករក្រអូបគ្រប់ប្រភេទ បាននាំចេញចំនួន៦៣.៦៤% អង្ករស ចំនួន៣២.៤២% អង្ករចំហ៊ុយចំនួន២.២៣% អង្ករសរីរាង្គចំនួន១.៧% និងអង្ករដំណើបបានចំនួន២៣តោន។

ជាមួយគ្នានេះ ក្នុងរយៈពេល៧ខែនេះដែរ កម្ពុជាក៏បាននាំចេញស្រូវ ទៅវៀតណាម បានចំនួន១,៩៥០,៩៨៦តោន គិតជាទឹកប្រាក់ប្រមាណជា៤៨៧.២៤លានដុល្លារ៕

To Top