ភ្នំពេញ ៖ អ្នកវិភាគនៅកម្ពុជា បានចាត់ទុកថា ការព្យាយាមទៅបំពេញ ទស្សនកិច្ចនៅតៃវ៉ាន់ របស់លោក ស្រី Pelosi ប្រធានសភាតំណាងរាស្រ្ត អាមេរិកកាលពីពេលថ្មីៗនេះ គឺជាចេតនាបង្កហេតុក្នុងចេតនាអាក្រក់ នាំឱ្យមានការយាយីគម្រាម កំហែងនៅក្នុងតំបន់ និងសកលលោក ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានយល់ឃើញថា ដំណើទស្សនកិច្ចរបស់លោក ស្រី Pelosiនៅតៃវ៉ាន់ គឺជាឥរិយាបថ បង្កហេតុមួយ ហើយអាចធ្វើឱ្យមានផលវិបាកផ្សេងៗ ដែលយើងពិបាក និង ប៉ាន់ស្មានដល់ ។ វាក៏បានបង្កឱ្យប៉ះពាល់ ដលទំនាក់ទំនងរវាងចិន និងអាមេរិក ព្រមទាំងអាចបង្ក ឱ្យមានអសន្តិសុខតំបន់ និង ពិភពលោកផងដែរ ។ ប្រទេសនានា រួមទាំង អាមេរិកផងដែរ សុទ្ធតែបានទទួល ស្គាល់គោលការណ៍ចិន តែមួយ ដូច្នេះដំណើរទស្សនកិច្ច របស់មន្ត្រីជាន់ខ្ពស់ទាំងឡាយណា មកកាន់កោះតៃវ៉ាន់ គឺជាការរំលោភនូវគោល ការណ៍ចិនតែមួយ ហើយអាចនិយាយបានថា រំលោភបន្ទាត់ក្រហម របស់ប្រទេសចិន ។
លោកបណ្ឌិតបញ្ជាក់ថា ការគោរពគ្នាទៅវិញទៅមករវាងចិន និងអាមេរិកគឺមានសារៈសំខាន់ណាស់ ក្នុងការថែរក្សាសន្តិសុខ និងការអភិវឌ្ឍសកលលោក។
សំឡេង៖ «ចិននិងអាមេរិក មានកាតព្វកិច្ចធំណាស់ ក្នុងការថែរក្សាសន្តិភាព ប្រទេសទាំងពីរមានការងារច្រើនណាស់ត្រូវធ្វើ ទាំងការថែរក្សាស្ថេរភាព សន្តិសុខស្បៀង ថាមពល ឧស្សាហកម្ម និងការខ្សែច្រវ់ាក់ ផ្គត់ផ្គង់សកល ។ អ៊ីចឹងទេ ឥរិយាបថបង្កហេតុណាមួយ ត្រូវចៀសវាងកុំឱ្យពិភពលោក ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម» ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ លោកជា ច័ន្ទបរិបូរណ៍អ្នកវិភាគសង្គម នៅកម្ពុជាបានកោតសរសើរ នូវការអតធ្មត់ខ្ពស់របស់ប្រទេសចិន ដែលមិនប្រើប្រាស់ អាវុធ កាលពីថ្ងៃទី២ ខែសីហា វេលាម៉ោង៩ និង២០នាទី នៅពេលយន្តហោះរបស់លោក ស្រី Pelosi ប្រធានសភាតំណាងរាស្រ្ត អាមេរិកទៅដល់តៃវ៉ាន់។
លោកយល់ឃើញថា ដំណើរទស្សនកិច្ចរបស់ លោក ស្រី Pelosi អាចឆ្លុះបញ្ចាំង ឱ្យឃើញ២ចំណុច ៖ ទី១ ៖ គេមើលឃើញថា ការគោរពគោលការណ៍ចិន តែមួយរបស់អាមេរិកស្មើ នឹងចាប់ដៃជាន់ជើង និងចំណុចទី២ គឺភ្នែកពិភពលោកបានមើលឃើញ និងឱ្យតម្លៃខ្ពស់ ចំពោះប្រទេសចិនដែលបានអតធ្មត់ខ្ពស់ នៅការព្រឹត្តិការណ៍នោះ ។ យ៉ាងណាក៏ដោយ លោកជាច័ន្ទបរិបូរណ៍ បានចាត់ទុក ដំណើរលោក ស្រី Pelosi ប្រធានសភាតំណាងរាស្រ្ត អាមេរិកទៅដល់តៃវ៉ាន់នេះ គឺត្រូវបានគេមើលឃើញថា អាមេរិកមិនមានភាពស្មោះត្រង់ ឡើយ ។
លោកបណ្ឌិត ជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានយល់ឃើញថា ការទៅតៃវ៉ាន់របស់លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្ត អាមេរិកនេះ ចិនក្នុងនាម ជាអ្នកថែរក្សាសណ្តាប់ធ្នាប់តំបន់ និងគោរពធម្មនុញ របស់អង្គការសហប្រជាជាតិ និងក្នុងនាមប្រទេស ដែលប្រកាន់ភ្ជាប់ការទូត បែបសហវជ្ជមានបានជូនដំណឹង ដល់ភាគីអាមេរិក និងពិភពលោករួចទៅហើយ ចំពោះដែនអធិបតេយ្យភាព របស់ចិន ហើយពាក់ព័ន្ធ តៃវ៉ាន់ ជាការរម្លឹកឡើងវិញ នូវកិច្ចព្រមព្រៀងផ្សេងៗ រវាងអាមេរិក និងចិនដោយឈរលើ គោលការណ៍ចិនតែមួយ។
មួយវិញទៀត លោកបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះប្រទេសចិន បើទោះបីជាលោកស្រី Pelosi នៅតែជន្នះឱ្យបានទៅដល់តៃវ៉ាន់ ក៏ដោយ ក៏ចិននៅតែរក្សាភាពអតធ្មត់ របស់ខ្លួនក្នុងនាមជាអ្នកថែរក្សា បានសន្តិសុខសកល និងការអភិវឌ្ឍសកល។
លោកបណ្ឌិត ជា មុនីឫទ្ធិបានហៅលោកស្រី Pelosi ថា ជាឈ្នួនអសន្តិសុខសកល បាននឹងកំពុងរុញច្រាន ឱ្យពិភពលោក មានការយាយី គម្រាមកំហែងដល់សន្តិសុខសកល ហើយប្រទេសចិនជាអ្នកថែរក្សា ខិតខំការពារ សន្តិភាព តាមរយៈការប្រគាកស្មាជាមួយបណ្តាប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក ផងដែរ ក្នុងការគោរពបាននូវធម្មនុញរបស់អង្គការសហប្រជាតិ គោរពបាន សណ្តាប់ធ្នាប់សកល និងការចូលរួមថែរក្សា សន្តិភាពពិភពលោក ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត បានបញ្ជាក់ថា ការមកដល់របស់លោកស្រី Pelosi មកកាន់តៃវ៉ាន់ គឺបានបង្ហាញយ៉ាងច្បាស់ និងមិនមានការលាក់លាម និងមហិចតា ឬ ក៏អនុត្តរភាពរបស់អាមេរិក ដែលតែងតែបង្កបញ្ហា និង បញ្ឆេះនូវសង្គ្រាម តែងតែបំផ្លាញនូវសន្តិសុខ ជាពិសេសបំផ្លាញ សណ្តាប់ធ្នាប់ដែលមិនគោរព មិនអើពើនូវធម្មនុញ របស់អង្គការ សហប្រជាជាតិ និងជាន់ឈ្លីកិច្ចព្រមព្រៀងចិនតែមួយនេះ។
ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិនរួបនេះ បានចាត់ទុកគោលការណ៍សហគមន៍ជោគវាសនារួម របស់មនុស្សជាតិ នៅតែជាជម្រើសអាទិភាព សម្រាប់ប្រទេសចិនក្នុងការថែរក្សាបានសុខសន្តិភាព សម្រាប់តំបន់ និងពិភពលោក បើទោះបីជាដំណើរទស្សនកិច្ច របស់លោកស្រី ប្រជានសភាតំណាងរាស្រ្ត អាមេរិកទៅដល់តៃវ៉ាន់ កំពុងតែឈ្លានពាន និងមិនគោរពទៅដល់ដែន អធិបតេយ្យភាព បូរណភាពទឹកដីរបស់ចិន យ៉ាងណាក៏ដោយ ។
សរុបសេចក្តីមក ដើម្បីឱ្យពិភពលោកគេចផុត ពីភ្លើងសង្គ្រាម និងវិបត្តិផ្សេងៗនោះ មានតែបណ្តារដ្ឋនានា និងមហាអំណាចទាំងអស់ រួមគ្នាដោះស្រាយបញ្ហានានា ដោយសន្តិវិធី គោរពនូវដែន អធិបតេយ្យភាព បូរណភាព ដែនដីប្រទេសនីមួយៗ គោរពនូវធម្មនុញភាពអង្គការ សហប្រជាជាតិប៉ុណោះ ទើបពិភពលោកមានសន្តិភាព ពេញលេញ ប្រជាជនអាចរស់នៅប្រកបដោយភាពសុខសាន្ត និងការអភិវឌ្ឍលើគ្រប់វិស័យ៕
(អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន)