ព័ត៌មានជាតិ

ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ស្ថិតក្នុងខេត្តកំពង់ស្ពឺ បានឆក់យកជីវិតកម្មករនិយោជិតម្នាក់ ដែលជាសមាជិក ប.ស.ស.

កំពង់ស្ពឺ៖ កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ត្រង់ចំណុចភូមិស្រែខ្ញែ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់រវាងរថយន្ដម៉ាក SSANG YONG (ដឹកកម្មករនិយោជិត) បើកបរពីទិសខាងត្បូងទៅទិសខាងជើង មកដល់ចំណុចកើតហេតុមានក្រលុកនៅខាងមុខ រថយន្ដខាងលើក៏បានជាន់ហ្វ្រាំងបន្ថយល្បឿន បណ្ដាលឱ្យរថយន្ដ ០១គ្រឿងទៀតម៉ាក HYUNDAI MIGHTHY (ដឹកកម្មករនិយោជិត) ដែលបើកបរមកពីក្រោយស្របទិសគ្នា បានជ្រុលទៅបុកពីក្រោយ ផ្នែកចំហៀងខាងឆ្វេង នៃរថយន្តម៉ាក SSANG YONG បន្ទាប់មករថយន្ដម៉ាក HYUNDAI MIGHTY បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករថយន្ដ ០១គ្រឿងទៀត ម៉ាកHYUNDAI ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា រួចរថយន្ដម៉ាកHYUNDAI MIGHTYក៏រេចង្កូតមកស្ដាំដៃវិញជ្រុលទៅបុករថយន្ដម៉ាក SSANG YONG ជាថ្មីម្ដងទៀត។ 

យោងតាមរបាយការណ៍ពីក្រុមការងារ ប.ស.ស. ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា៖ ក្នុងឧបទ្ទវហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឱ្យកម្មករនិយោជិត បម្រើការងារនៅរោងចក្រវេនធូរ៉ា និងរោងចក្រមីនហ្វៃ រងរបួសធ្ងន់ស្រាលចំនួន ១៣នាក់ និងបានបណ្តាលឱ្យកម្មករនិយោជិតម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

នៅក្នុងឧបទ្ទវហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ដ៏សែនសោកសៅនេះ ក្រុមការងារ ប.ស.ស. បានចុះសម្របសម្រួល និងសហការជាមួយមន្ត្រីជំនាញ ដើម្បីបញ្ជូនជនរងគ្រោះរបួសធ្ងន់ស្រាល ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលនៅជិតបំផុតបានទាន់ពេលវេលា ដោយឡែកចំពោះសពជនរងគ្រោះម្នាក់ ដែលមានស្រុកកំណើតស្ថិតនៅខេត្តកំពតត្រូវបាន លោក ស៊ិន កុសល ប្រធានសាខា ប.ស.ស. ខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បាននាំយកថវិកាវិភាជន៍បូជាសពចំនួន ៤ ០០០ ០០០រៀល ប្រគល់ជូនក្រុមគ្រួសារនៃសព ដើម្បីរៀបចំចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ចំពោះអត្ថប្រយោជន៍ផ្សេងៗទៀត មន្រ្ដីជំនាញ ប.ស.ស. នឹងធ្វើការអង្កេតនឹងផ្ដល់អត្ថប្រយោជន៍ ជូនដល់សមាជិកគ្រួសារនៃសពទៅតាមច្បាប់ដែលបានកំណត់។

ក្នុងនាមថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងបុគ្គលិក នៃ ប.ស.ស. សូមជូនពរបងប្អូនដែលជួបនូវឧបទ្ទវហេតុ នៃគ្រោះថ្នាក់ចរាចរណ៍នេះ សូមឆាប់ជាសះស្បើយឡើងវិញ ជាពិសេសសូមសម្ដែងនូវការសោកស្ដាយ និងសូមចូលរួមរំលែកមរណទុក្ខ ដ៏សែនក្រៀមក្រំជាទីបំផុតនេះ ចំពោះក្រុមគ្រួសារនៃសព និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាត៕

To Top