ព័ត៌មានជាតិ

ត្រឹមតែ ១ថ្ងៃ មានបងប្អូនកម្មករនិយោជិត ជាង ២ម៉ឺននាក់ ទទួលបានការផ្សព្វផ្សាយ ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ពី ប.ស.ស.

ភ្នំពេញ ៖ យោងតាមរបាយការណ៍ស្ដីពីយុទ្ធនាការ ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន បានបង្ហាញថា៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះ កម្មករនិយោជិតសរុបចំនួន ២៨​ ៣៣៤នាក់ ស្មើនឹង ២៤សហគ្រាស គ្រឹះស្ថាន​ បានចូលរួមឈ្វេងយល់ស្តីពីរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនមួយ តាមរយៈការចុះផ្សព្វផ្សាយ របស់ក្រុមការងារត្រីភាគី សម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

តាមរយៈយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អ ពីសំណាក់ភាគីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ម្យ៉ាងវិញទៀត បងប្អូនកម្មករនិយោជិត បានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបង្កើតឱ្យមានរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននេះឡើង។

សូមបញ្ជាក់ថា ប.ស.ស. បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់ បានយល់ដឹងកាន់តែច្បាស់ អំពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដែលជាសមិទ្ធផលដ៏ពិសេសបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា ដែលកើតចេញពីស្ថាបនិកសន្តិភាព ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

To Top