ព័ត៌មានជាតិ

ចិន នឹងព្យាយាមធ្វើអ្វីៗ ជួយដល់ការអភិវឌ្ឍ ប្រទេសកម្ពុជា

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ចិននឹងព្យាយាមធ្វើអ្វីៗ ជួយដល់ការអភិវឌ្ឍ ប្រទេសកម្ពុជា ។

ការលើកឡើងបែបនេះ ស្របពេលដែលទំនាក់ទំនង នៃប្រទេសទាំងពីរ កំពុងស្ថិតនៅចំនុចកំពូល ប៉ុន្តែមានរាំងស្ទះនៃការអភិវឌ្ឍបន្តិច ដែលបណ្ដាលមកពីបញ្ហាសកល នៃការរាតត្បាត ជំងឺកូវីដ១៩ និងជំងឺអុតស្វា។

នៅក្នុងជំនួបនេះ លោកវ៉ាង យី បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបន្តមានឆន្ទៈក្នុងការគាំទ្រ ពីនយោបាយចិនតែមួយ ហើយជាពិសេសទៀត គឺលោកបានគូសបញ្ជាក់ថា ចិននឹងធ្វើអ្វីៗ នឹងព្យាយាម ជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍ ប្រទេសនេះ។
ពាក់ព័ន្ធនឹងការខិតខំ ព្យាយាមប្រឹងប្រែងរបស់កម្ពុជា ក្នុងការស្ដារឡើងវិញ ទាំងសេដ្ឋកិច្ច ទាំងវិស័យផ្សេងទៀតលោក វ៉ាង យី បានគូសបញ្ជាក់ថា “ចិននឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំង ដល់ប្រទេសកម្ពុជា”។

ពាក់ព័ន្ធនឹងវិស័យវិនិយោគ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ថ្វីដ្បិតបច្ចុប្បន្នប្រទេសចិន មានការវិនិយោគច្រើនជាងគេមែន ប៉ុន្តែប្រទេសចិន និងបន្តការបណ្ដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ហើយនឹងជំរុញឱ្យ សហគមន៍ពាណិជ្ជករបន្តវិនិយោគ នៅក្នុងប្រទេសកម្ពុជាផងដែរ៕

To Top