ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ចិនថា វ៉ាក់សាំង គឺជាដង្ហើមនៃសេដ្ឋកិច្ច របស់កម្ពុជា

ភ្នំពេញ ៖ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយ លោក វ៉ាង យី នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់ភាគីចិនថា វ៉ាក់សាំង គឺជាដង្ហើមនៃសេដ្ឋកិច្ច របស់កម្ពុជា ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ក៏បានអរគុណប្រទេសចិន ដែលបានជួយដល់ប្រទេសកម្ពុជា ជាពិសេសពាក់ព័ន្ធ និងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ដែលកន្លងមកនេះ ធ្វើឲ្យកម្ពុជា បានប្រយុទ្ធប្រឆាំងបានជោគជ័យ ដោយសារមានការគាំទ្រ ការផ្ដល់នូវវ៉ាក់សាំង យ៉ាងសន្ធឹកសន្ធាប់ពីប្រទេសចិន ហើយវ៉ាក់សាំងចិន ក៏ជាបង្អែកមួយដ៏រឹងមាំ ដែលធ្វើអោយកម្ពុជា អាចប្រយុទ្ធប្រឆាំងជំងឺនេះ ទទួលបាននូវលំដាប់ថ្នាក់ទី១ ដែលមានការចាក់វ៉ាក់សាំង ជូនប្រជាជនបានច្រើនជាងគេ។

សម្ដេចថា ទោះបីយើងបានជោគជ័យហើយក៏ពិតមែន តែការប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ-១៩ នៅតែជាការងារអាទិភាព របស់ប្រទេសកម្ពុជា ជាពិសេសការបន្តធ្វើការ លើវិស័យសុខភាពសាធារណៈ ដែលនៅតែជាវិស័យអាទិភាព ជាពិសេស ការបន្តធ្វើយ៉ាងណាឲ្យកម្ពុជា មានលទ្ធភាពផលិតវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខ ដោយមានការជួយការជ្រោមជ្រែង ពីប្រទេសចិន ក្នុងការផលិតវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា ដោយសារការចាក់វ៉ាក់សាំង បានច្រើនបំផុតនេះ ធ្វើឲ្យកម្ពុជាអាចបើកពេញលេញឡើងវិញ ហើយអាចឲ្យកម្ពុជា មានឱកាសក្នុងការស្ដារសេដ្ឋកិច្ច របស់ខ្លួន។

សម្ដេចក៏បានគូសបញ្ជាក់ផងដែរ អំពីការស្ដារសេដ្ឋកិច្ច ហើយនឹងការបើកសេដ្ឋកិច្ចឡើងវិញ ធ្វើឲ្យកម្ពុជាមានលទ្ធភាព ក្នុងការនាំចេញ កាន់តែច្រើន ហើយអាចបង្កើនចំណូល របស់ខ្លួនកាន់តែច្រើនផងដែរ។
សម្តេចក៏បានគូសបញ្ជាក់ ពីយុទ្ធសាស្ត្រទៅមុខទៀតថា នៅឆ្នាំ ២០២៤ ២០២៥ និង ២០២៦ ខាងមុខនេះ សម្តេចតេជោ ក៏បានត្រៀមឱ្យទិញវ៉ាក់សាំង ទុកប្រមាណចំនួន ១០០លានដូស បន្ថែមទៀត ក្នុងការត្រៀមការ ចាក់វ៉ាក់សាំង ការពារពេលខាងមុខ ដែលជាតម្រូវការធ្វើយ៉ាងម៉េចឲ្យកម្ពុជា បានឆ្លងផុតពីជំងឺកូវីដ-១៩ នាពេលខាងមុខនេះ ។

ជាការឆ្លើយតប លោក វ៉ាង យី បានគូសបញ្ជាក់ថា “នៅពេលណាកម្ពុជា មានតម្រូវការ ចិននឹងជួយផ្ដល់នៅក្នុងលក្ខណៈអាទិភាពជូនកម្ពុជា”៕

To Top