ភ្នំពេញ ៖ លោក Sheikh Mohammed bin Abdulrahman Al-Thani ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតា បានអញ្ជើញលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ទៅបំពេញទស្សនកិច្ច នៅកាតាក្នុងពេលឆាប់ៗខាងមុខ សំដៅស្វែងរកកាលានុវត្តភាព ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ។
ការអញ្ជើញនេះធ្វើឡើង ក្នុងជំនួបពិភាក្សាទ្វេភាគី រវាងលោករដ្ឋមន្ត្រីការបរទេសកាតា និងរដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃទី៣ សីហា ក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

ក្នុងជំនួបនោះដែរ លោក ប្រាក់ សុខុន និងលោក Sheikh Mohammed bin Abdulrahman Al-Thani បានឯកភាពគ្នាក្នុងការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ក៏ដូចជាក្នុងការជំរុញឱ្យចាប់ផ្តើម មានទំនាក់ទំនងផ្នែកធុរកិច្ចផងដែរ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើកាតា បញ្ជូនគណៈប្រតិភូធុរៈកិច្ចមកចូលរួម ក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៥ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៥-១៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីស្វែងរកឱកាសអាជីវកម្ម និងពាណិជ្ជកម្ម។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យមានការចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ វិស័យទេសចរណ៍ផងដែរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានផលប្រយោជន៍រួម និងបានយល់ស្របគ្នា លើការការពារពហុភាគីនិយម និងគោលការណ៍ដែលមានចែង ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានឯកភាពគាំទ្រគ្នាទៅវិញទៅមក នៅលើឆាកអន្តរជាតិ ផងដែរ។
ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា រដ្ឋមន្រ្តីការបរទេសកាតា នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងចូលជួបសម្តែងការគួរសម ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ ៕
