ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឃើញអ្នកវិនិយោគប្រទេសកាតា មកវិនិយោគនៅកម្ពុជា ជាពិសេសលើការនាំចេញវិស័យស្បៀងរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។
នាឱកាសអនុញ្ញាតឲ្យលោក Sheikh Mohammed bin Abdulrahman al-Thani ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកាតា នាថ្ងៃ៣ សីហា ចូលជួបសម្តែងការគួរសម សម្ដេចតេជោបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា-កាតា មានភាពល្អប្រសើរទៅមុខ ហើយទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកាតានាពេលនេះ នឹងរួមចំណែកក្នុងការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសពង្រីកទំនាក់ទំនងរវាងកាតា និងអាស៊ាន។
នាឱកាសនោះ លោករដ្ឋមន្ត្រីការបរទេស កាតា គូសបញ្ជាក់ថា រហូតមកដល់ពេលនេះ ទំនាក់ទំនងប្រទេសទាំងពីរចាប់ផ្ដើមមានភាពល្អប្រសើរហើយ នៅមានសក្តានុពលជាច្រើនទៀតដែលអាចសហការគ្នា ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច ។ លោកថា បច្ចុប្បន្នមានកិច្ចសហប្រតិបត្តិការខ្លះហើយលើវិស័យ អប់រំ ហើយនឹងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើនទៀតនៅពេលខាងមុខ។
សម្ដេចតេជោ ក៏បានលើកឡើងថា ប្រទេសទាំងពីរ នៅមានសក្កានុពលជាច្រើនដែលអាចពង្រឹងកិច្ចសហប្រតិបត្តិការគ្នាបាននាពេលខាងមុខ។ ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ សម្តេចតេជោ ថា កាតាពិតជាមានភាពរឹងមាំ ជាពិសេសមានសមត្ថភាពពង្រឹងជើងហោះហើរ ហើយកាតា គឺមានភូមិសាស្រ្តនៅមជ្ឈិមបូព៌ាអាចធ្វើការហោះហើរមកកម្ពុជាដោយផ្ទាល់បាន។
សម្ដេចតេជោ បញ្ជាក់ទៀតថា កាតាអាចគាំទ្រ ជាពិសេសធ្វើឲ្យមានជំនួបរវាងអ្នកធុរកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ ដូចជាឲ្យអ្នកធុរកិច្ចនៃប្រទេសទាំងពីរអាចចូលរួមក្នុងការតាំងពិព័រណ៍ ពាណិជ្ជកម្មក្នុងខែធ្នូ ចុងឆ្នាំនេះ ធ្វើយ៉ាងណាជំរុញផ្នែកធុរកិច្ច និងធុរកិច្ចឲ្យមានទំនាក់ទំនងគ្នា។
សម្ដេចតេជោបន្ថែមថា «លើកទឹកចិត្តឲ្យប្រទេសកាតាជំរុញដល់វិស័យឯកជន ដើម្បីមកធ្វើការរួមគ្នាជាមួយវិស័យឯកជននៅប្រទេសកម្ពុជា។ ចង់ឃើញអ្នកវិនិយោគប្រទេសកាតាមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារបរទេស ពិសេសពាក់ព័ន្ធទៅនឹងវិស័យស្បៀង ដូចជាស្រូវ អង្ករតែម្ដង ។ ជំរុញឲ្យប្រទេសកាតាអាចមកវិនិយោគលើវិស័យនេះ ហើយធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ»។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីការបរទេសកាតា សន្យាថា នឹងបញ្ជូនអ្នកធុរកិច្ចខ្លួនមកកាន់កម្ពុជា ដើម្បីធ្វើការជាមួយធុរកិច្ចកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជាវិនិយោគទៅលើវិស័យអ្វី ដែលប្រទេសទាំងពីរ អាចសហការគ្នាបាន។
លើសពីនេះ លោកក៏សន្យាថា នឹងជំរុញឲ្យមានការហោះហើរឡើងវិញ តភ្ជាប់រវាងកម្ពុជា និងប្រទេសកាតាផងដែរ ដើម្បីធ្វើយ៉ាងណា ជំរុញវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ ភាពល្អប្រសើរផងដែរនៅពេលខាងមុខ៕