ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានរៀបប្រជុំក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក ក៏កំណត់យកថ្ងៃទី៥ សីហា ស្អែកនេះ បើកសម័យប្រជុំលើកទី៩ នីតិកាលទី៤ លើសេចក្តីព្រាងច្បាប់វិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ និងរបៀបវារៈចំនួន៤ផ្សេងទៀត ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ព្រឹទ្ធសភា ស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍។
ការបើកកិច្ចប្រជុំរបស់ព្រឹទ្ធសភានេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភាកម្ពុជា បានសម្រេចអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៨មាត្រា ចំនួន១០៥សំឡេង នៃសមាជិករដ្ឋសភាចំនួន១០៥រូប ក្នុងចំណោម១០៦រូបដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ។
សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាន៨មាត្រា គឺមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ៕