ព័ត៌មានជាតិ

អតីកុងស៊ុលកម្ពុជា ចេញសៀវភៅ «ឯកអគ្គរាជទូត»​ សម្រាប់​មន្រ្តីរាជការពាក់ព័ន្ធ ​សិក្សាឈ្វេងយល់អំពី វិស័យការទូត ឱ្យបានកាន់តែ ទូលំទូលាយ

ភ្នំពេញ៖ អតីតកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ និង​ ជាសាស្រ្តាចារ្យបង្រៀន នៅសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប លោកបណ្ឌិត តាំង សុខងី បានបន្ត​ចងក្រង និពន្ធសៀវភៅថ្មីមួយ​ទៀត​ មាន​ចំណងជើងថា «ឯកអគ្គរាជទូត» (Ambassador) ដើម្បីជាឯកសារជំនួយស្មារតី ដល់​មន្រ្តីរាជការពាក់ព័ន្ធ សិស្ស​ និស្សិត​ សម្រាប់​សិក្សាឈ្វេងយល់អំពីវិស័យការទូត ឱ្យបានកាន់តែទូលំទូលាយ ក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

សៀវភៅ «ឯកអគ្គរាជទូត» (Ambassador) ផ្តោតលើ​៖ ទី១- ស្ថាប័នប្រមុខការទូតកម្ពុជា និងប្រមុខការទូតកម្ពុជា ទាំង៣៤រួប ទី២- ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសនិងការតែងតាំងឯកអគ្គរាជទូត ទី៣- ស្ថានតំណាងអចិន្រ្តៃយ៍ប្រចាំអង្គការតំបន់ និងអង្គការអន្តរជាតិ ទី៤- ការតែងតាំងតំណាងអចិន្រ្តៃយ៍ ប្រចាំអង្គការតំបន់ និងអង្គការអន្តរជាតិ ទី៥- មុខងារនិងភារកិច្ចរបស់បេសកកម្មការទូត មន្រ្តីការទូត និងពិធីការ ការទូត ទី៦- បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ(ការទូត អាស៊ាន និងអង្គការសហប្រជាជាតិ)
ទី៧- ពាក្យគន្លឹះការទូត ការទូតសេដ្ឋកិច្ច សិទ្ធិជ្រកកោនការទូត និងបត្យាប័ន។

លោកបណ្ឌិត តាំង សុខងី បានថ្លែងថា  មូលហេតុដែល​ លោក​បានខិតខំស្រាវជ្រាវ ចងក្រង និពន្ធសៀវភៅ “ឯកអគ្គរាជទូត” (Ambassador) នេះឡើង ដើម្បីទុកជាស្នាដៃនិងជាឯកសារជំនួយស្មារតី សម្រាប់សិក្សាឈ្វេងយល់អំពីវិស័យការទូត ឱ្យបានកាន់តែទូលំទូលាយក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

លោកបានថ្លែងថា ៖«ឆ្លងតាមបទពិសោធជាក់ស្តែង ក្នុងនាមមន្រ្តីការទូតដែលមានសមត្ថភាព ប្រកបដោយវិជ្ជាជីវៈខ្ពស់ ត្រូវមានកត្តា២ជាចាំបាច់៖ ទី១- ត្រូវស្គាល់ខ្លួនយើងឱ្យបានច្បាស់ជាមុន ថាតើខ្លួនយើងគឺជានណា? និងទី២- ត្រូវដឹងនីតិវិធីនិងមានចំណេះវិជ្ជាខាងផ្នែកច្បាប់(ទំនាក់ទំនងអន្តរជាតិ) និងភាសាអង់គ្លេសជាអាទិភាព»។

លោកបានថ្លែងថា ដើម្បីរំឭកដល់គុណូបការៈ​ ដល់ប្រមុខការទូតទាំងអតីតកាល ទាំងបច្ចុប្បន្នកាល សៀវភៅ«ឯកអគ្គរាជទូត» (Ambassador) ក៏បានលើកឡើងអំពីប្រវត្តិព្រឹត្តិការណ៍ ដែលជាព្រះរាជបូជនីយកិច្ច និងសកម្មភាពរបស់ប្រមុខការទូតខ្មែរ ដែលបានរួមចំណែកបម្រើជាតិមាតុភូមិ រួមមានប្រមុខការទូតដ៏ឆ្នើម៤រូបក្នុងចំណោម៣៤រូប។ ដើម្បីបានស្គាល់ប្រមុខការទូត ដ៏ឆ្នើមទាំង៤រូបនោះ ថាតើជាឥស្សរជនរូបណា?។

លោកបណ្ឌិត តាំង សុខងី បានថ្លែងថា ៖«ក្នុងនាមខ្ញុំជាអ្នករៀបរៀងនិងអ្នកនិពន្ធសៀវភៅ  ខ្ញុំ​សង្ឃឹមថា បងប្អូននិស្សិត មិត្តអ្នកអាន និងមន្រ្តីពាក់ព័ន្ធ ក្នុងវិស័យការទូតទាំងអស់ នឹងបានសិក្សាឈ្វេងយល់ ពីសៀវភៅនេះតាមរយៈការអានពុំខាន។ ទន្ទឹមគ្នានេះដែរ ខ្ញុំបាទក៏ទន្ទឹងរង់ចាំទទួលការរិះគន់ ក្នុងន័យស្ថាបនានិងទទួលយក ការផ្តល់យោបល់ កែលម្អកំហុសឆ្គងដែលបានកើតឡើង ដោយអចេតនាដោយក្តីគោរព ដឹងគុណបំផុត»។

លោកបណ្ឌិត តាំង សុខងី មានអាយុ ៤៥ ឆ្នាំ លោកធ្លាប់កាន់តំណែងជា អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ពីឆ្នាំ ២០១១ ដល់ ២០១៣។ បច្ចុប្បន្ន លោក ជាសាស្រ្តាចារ្យបង្រៀន នៅសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ក្នុងរាជធានី ភ្នំពេញ ដែលបង្រៀនលើ មុខជ្ជាទំនាក់ទំនងការទូត។ កោកក៏ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា «ដំណោះស្រាយជម្លោះ នៅសមុទ្រចិនខាងត្បូង» និងសៀវភៅ«អគ្គកុងស៊ុល» ផងដែរ​។

លោក សយ សុភា និពន្ធនាយកកាសែតដើមអម្ពិល ដែលធ្លាប់បានស្នាដៃរបស់លោកសាស្ត្រាចារ្យបណ្ឌិត តាំង សុខងី សៀវភៅក្រោមចំណងជើងថា “អគ្គកុងស៊ុល”នោះ បានថ្លែង លោកពិតជាសប្បាយចិត្ត​នឹងការចេញស្នាដៃថ្មី ព្រោះតាមសៀវភៅ “អគ្គកុងស៊ុល” ពិតជាបានរួមចំណែកបន្ថែមទៀត សម្រាប់ការយល់កិច្ចការកុងស៊ុល និងរបៀបរបបពិធីការ ដែលមានតម្លៃជាសារវ័ន្ត សម្រាប់និស្សិត បញ្ញាវ័ន្ត ក៏ដូចជាមន្រ្តីរាជការ និងអ្នកពាក់ព័ន្ធឯទៀត។

លោក បន្ថែមថា​ លោកនឹងរកជាវសៀវភៅ ដ៏មានតម្លៃនេះ៕

To Top