នយោបាយ

សម្ដេចតេជោ ប្រាប់អឺរ៉ុបថា កម្ពុជាមិនយកអធិបតេយ្យភាពខ្លួន ទៅដូរយកជំនួយ ឬភាពអនុគ្រោះពន្ធអ្វីទេ (Video)

ភ្នំពេញ ៖ ករណីប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) សម្រាប់កម្ពុជាដែលបានកន្លងផុត២ឆ្នាំមកហើយនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រំលឹកប្រាប់ទៅ លោក ចូសិប បូររែល ហ្វុនតេលលេស តំណាងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប(EU)ជាថ្មីម្តងទៀតថា កម្ពុជាដាច់ខាត មិនយកអធិបតេយ្យភាពខ្លួន ទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីនោះទេ (EBA) ខណៈជារឿយៗទាំងមុននិងក្រោយ EU សម្រេចដក EBA ចេញពីកម្ពុជានោះ សម្តេចក៏ដូចជាមន្រ្តី ជាន់ខ្ពស់ផ្សេងទៀតបញ្ជាក់ថា ទោះបីជាយ៉ាងណាកម្ពុជា មិនដូរអធិបតេយ្យភាពជាមួយEBAឡើយ ព្រោះកម្ពុជាមានសេចក្តីថ្លៃថ្នូរ។

ការបញ្ជាក់របស់សម្ដេចតេជោនេះ បានធ្វើឡើងបន្ទាប់ពី លោក ចូសិប បូររែល ហ្វុនតេលលេស បានលើកឡើងពីបញ្ហាកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍរបស់សហភាពអឺរ៉ុបនៅកម្ពុជា ក្នុងនោះករណីអនុគ្រោះពន្ធគ្រប់មុខ ទំនិញលើកលែងសព្វាវុធ (EBA) ។

នេះការលើកឡើងរបស់ភាគីទាំង២ ក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចតេជោ ជាមួយលោក ចូសិប បូររែល ហ្វុនតេលលេស នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសលោកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ានលើកទី៥៥។

សូមរំលឹកថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានសម្រេចដក EBA លើមុខទំនិញនាំចេញ របស់កម្ពុជាប្រមាណ ២០% នៃមុខទំនិញនាំចេញទាំងអស់ ទៅកាន់ទីផ្សារអឺរ៉ុប ហើយទំនិញ៨០%ទៀត ត្រូវបានរួចពន្ធដដែល ។ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីសេចក្តីសម្រេចនេះ ចូលជាធរមាន កម្ពុជាបង់ពន្ធ ២០% លើមុខទំនិញ ដែលនាំចូលទៅទីផ្សារអឺរ៉ុប ។ បើតាមសេចក្តីប្រកាស របស់សហភាពអឺរ៉ុប ការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនេះ ដោយសារកម្ពុជារំលោភសិទ្ធិមនុស្ស ៕

To Top