ភ្នំពេញ ៖ លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រកាសនូវគម្រោងថ្មីមួយ មានទឹកប្រាក់ ២៥លានដុល្លារ ក្នុងការលើកកម្ពស់ សន្តិសុខស្បៀងអាហារ និងកំណើនសេដ្ឋកិច្ចក្នុង វិស័យកសិកម្មនៅប្រទេសកម្ពុជា ។
តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា «នាថ្ងៃនេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Blinken បានប្រកាសនូវគម្រោងថ្មីមួយ ដែលមានទឹកប្រាក់ ២៥ លានដុល្លារ ក្នុងការលើកកម្ពស់សន្តិសុខស្បៀងអាហារ និងកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្មក្នុង ប្រទេសកម្ពុជា»។
ស្ថានទូតបន្ដថា គម្រោងកម្ពុជាហាវែស III ជាគម្រោងមានរយៈពេល៥ឆ្នាំ គ្រប់គ្រងដោយទីភ្នាក់ងារ ជំនួយអាមេរិក USAID ។ ខណៈដែលពិភពលោកប្រឈម នឹងការគំរាមកំហែងលើការ ផ្គត់ផ្គង់ស្បៀង អាហារកាន់តែកើនឡើង ត្រូវការបង្កើននូវសមត្ថភាពកសិកម្ម និងភាពធន់ជុំវិញពិភពលោក ហើយគម្រោងហាវែស III គឺជានិមិត្តសញ្ញានៃការប្តេជ្ញាចិត្ត ចំពោះគោលដៅមួយនេះ៕