ព័ត៌មានជាតិ

សម្ដេច សាយ ឈុំ ទទួលស្គាល់ថា ជំនួយមនុស្សធម៌របស់កូរ៉េ ពិតជារួមចំណែកលើកកម្ពស់ សុខមាលភាពប្រជាជនខ្មែរ

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាបានថ្លែងថា ជំនួយមនុស្សធម៌របស់មូលនិធិចែក រំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ពិតជារួមចំណែក ជួយលើកកម្ពស់ សុខមាលភាព របស់ប្រជាជនកម្ពុជា និងផ្តល់កាលានុវត្តភាព ឲ្យកម្ពុជា បើកដំណើរការពេញ លេញនូវសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី។

នាឱកាសអនុញ្ញាតឲ្យលោក Kim Jung Nam ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ សម្ដេច សាយ ឈុំ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះមូលនិធិចែករំលែកសង្រ្គោះអាយុជីវិត សកល បានផ្តល់ជំនួយមនុស្សធម៌ ដល់ព្រឹទ្ធសភាកម្ពុជា នូវសម្ភារវេជ្ជសាស្រ្តលើកទី១ចំនួន ២៣មុខ សម្រាប់សង្រ្គោះជីវិតប្រជាជនកម្ពុជាដែលកំពុងជួបការលំបាក និងឧបករណ៍វេជ្ជសាស្រ្ត សំខាន់ៗមួយចំនួនដល់មន្ទីរពេទ្យផងដែរ។

សម្ដេចបញ្ជាក់ថា «កាយវិការដ៏សប្បុរសរបស់មូលនិធិ ចែករំលែកសង្រ្គោះជីវិតសកល ពិតជាបានរួមចំណែកជួយ លើកកម្ពស់សុខមាលភាព របស់ប្រជាជនកម្ពុជា និងផ្តល់កាលានុវត្តភាពឱ្យកម្ពុជា បើកដំណើរការពេញលេញ នូវសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី»។

លើសពីនេះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងសេចក្តីរីករាយ ចំពោះ គម្រោងជំនួយរបស់មូលនិធិ ចែករំលែកសង្រ្គោះអាយុជីវិតសកល សម្រាប់ការសាងសង់មជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ដែលជាតម្រូវការចាំបាច់ និងជាក់ស្តែងរបស់ប្រជាជនកម្ពុជា។ សម្តេចបានស្នើឲ្យការពិភាក្សានេះ ឈានទៅដល់ការអនុវត្តគម្រោង ឲ្យបានជោគជ័យឆាប់ៗ នាពេលខាងមុខ ។

សម្តេច ក៏បានសាទរ ដល់ការចុះអនុស្សារណៈយោគយល់គ្នា រវាងព្រឹទ្ធសភាកម្ពុជា និងមូលនិធិចែករំលែកសង្រ្គោះ អាយុជីវិតសកល នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃនេះ ដែលតាមរយៈអនុស្សារណៈយោគយល់គ្នានេះ មូលនិធិចែករំលែកសង្រ្គោះអាយុជីវិតសកល និងបន្តកិច្ចសហប្រតិបត្តិការ វិស័យសុខាភិបាល និងការងារសប្បុរសធម៌ជាមួយនឹងព្រឹទ្ធសភាកម្ពុជាក្នុងរយៈពេល៤ឆ្នាំ ដែលគិតជាទឹកប្រាក់ចំនួន ១០លាន ដុល្លារ។

នាឱកាសនោះដែរ លោក Kim Jung Nam បានបញ្ជាក់ថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀង ផ្តល់មនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា រយៈពេល៤ឆ្នាំនេះ នឹងរួមចំណែកដល់ការ អភិវឌ្ឍកម្ពុជា៕

To Top