ព័ត៌មានជាតិ

សម្ដេច តេជោ ហ៊ុន សែន ស្នើអូស្រ្តាលីបើកទូលាយទីផ្សារផលិតផលកម្ពុជា

ភ្នំពេញ៖ តាមរយៈ លោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឱ្យភាគីអូស្រ្តាលី បង្កើនសកម្មភាពពាណិជ្ជកម្ម ជាពិសេសបង្កើតការនាំអង្ករ និងបើកទីផ្សារទទួលផលិតផលកម្ពុជា ឲ្យបានធំទូលាយជាងមុន ។

នៅក្នុងជំនួបពិភាក្សាការងារ រជាមួយ លោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២២ សម្ដេចតេជោបានសម្តែងនូវ ការរីករាយនូវភាពជាដៃគូរវាង កម្ពុជានិងអូស្ត្រាលី ជាពិសេសរីករាយដោយឃើញទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងក្នុងរង្វង់ជាង ២០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០១៩មក។

សម្ដេចតេជោ ក៏បានស្នើសុំឲ្យអូស្ត្រាលី បង្កើនសកម្មភាពពាណិជ្ជកម្ម ជាពិសេសបង្កើតការនាំអង្ករពីកម្ពុជា និងបើកទីផ្សារទទួលផលិតផលកម្ពុជា ឲ្យបានធំទូលាយជាងមុន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម បន្ថែមទៀត។ ហើយបានស្វាគមន៍ចំពោះ ការដាក់ឱ្យប្រើនូវឧបករណ៍ ផ្សព្វផ្សាយវិនិយោគកសិកម្ម ចំណីអាហារកាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ ដែលជាថ្នាលបច្ចេកវិទ្យាតែមួយគត់ ដែលនឹងផ្ដល់ព័ត៌មាន និងជួយវិនិយោគិន ផងដែរ។

មុននឹងបញ្ចប់សម្តេចតេជោក៏បានសម្ដែងនូវការរីករាយជាមួយ នឹងភាពជោគជ័យ នៃដំណើរការដ៏រលូនរបស់ក្រុមហ៊ុនអូស្ត្រាលីនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

To Top