ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ភាគីអូស្រ្តាលីថា កម្ពុជា នឹងបន្តខិតខំជួយមីយ៉ាន់ម៉ា ឱ្យវិលទៅរកប្រក្រតីភាព និងដំណើរការតាមគន្លង ប្រជាធិបតេយ្យឡើងវិញ ទោះបីមានការលំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ។
ទាក់ទងទៅនឹងបញ្ហានៅមីយ៉ាន់ម៉ានេះ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោកស្រី ផេននី វង់ (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាមួយកិច្ចព្រមព្រៀង ជាឯកច្ឆ័ន្ទ៥ចំណុច កម្ពុជា បានប្រកាន់យកអភិក្រម ជាក់ស្តែងនិយម និងដោះស្រាយមួយជំហានម្តងៗ។
ក្នុងនោះកម្ពុជា បានផ្តោតលើការងារ អាទិភាពចំនួន៣ រួមមាន៖ ១) កាត់បន្ថយ ឬបញ្ឈប់អំពើហិង្សាទាំងស្រុង, ២) ផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលត្រូវការបំផុតដោយគ្មានការរើសអើង និងទី៣) កសាងទំនុកចិត្ត និងបង្កើតបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
តែទោះជាយ៉ាងណា កម្ពុជា សោកស្តាយ និងភ្ញាក់ផ្អើលចំពោះការអនុវត្តន៍ ទោសប្រហារជីវិតលើអ្នកទោសនយោបាយ៤រូប នាពេលចុងក្រោយនេះ។ ប្រតិកម្មតបនឹងឥរិយាបថនេះ ក្នុងនាមប្រធានអាស៊ាន កម្ពុជាបានបញ្ចេញប្រតិកម្ម តាមរយៈសេចក្តីថ្លែងការណ៍ផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់ថា “បើទោះបីមានការលំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ ក៏កម្ពុជាបន្តខិតខំជួយមីយ៉ាន់ម៉ា ឱ្យវិលទៅរកប្រក្រតីភាព និងដំណើរការតាមគន្លង ប្រជាធិបតេយ្យឡើងវិញ”។
ដោយឡែកលោកស្រី ផេននី វង់ បានធ្វេីការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ដែលទទួលបានជោគជ័យជាប្រធានអាស៊ានឆ្នាំនេះ។
លោកស្រី បានថ្លែងអំណរគុណចំពោះ កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្របសម្រួល និងរកគន្លឹះ ដើម្បីដោះស្រាយបញ្ហា របស់មីយ៉ាន់ម៉ា ដែលក្នុងនោះសម្តេចតេជោ បានធ្វើដំណើរទៅកាន់ មីយ៉ាន់ម៉ា ដោយផ្ទាល់ ដើម្បីស្វះស្វែងរក ដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ា។
លោកស្រី រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី មានក្តីសង្ឃឹមថា នឹងមានការពង្រីក និងពង្រឹង ភាពជាដៃគូទាំងជាមួយកម្ពុជាផង និងទាំងជាមួយសហគមន៍អាស៊ានផង៕