ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ពិធីប្រគល់សញ្ញាបត្រនេះ គឺធ្វើឡើងចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ សម្តេចតេជោ បានប្រសូតនៅថ្ងៃអង្គារ ១៥កើត ខែពេញបូណ៌មី ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបរបស់កម្ពុជា បានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយទឹកចិត្ត ឆន្ទៈមនសិកាស្នេហាជាតិ និងប្រជាជនយ៉ាងជ្រាលជ្រៅ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ កម្ពុជា ជាប្រទេសដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើងសង្គ្រាម។

ក្នុងនាមជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥មក សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងប្តូរផ្តាច់យ៉ាងខ្លាំងក្លាបំផុត។ ក្រោមកិច្ចប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងឥតសន្សំសំចៃកម្លាំងកាយចិត្ត និងបញ្ញាញាណ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាដែលរុំព័ទ្ធដោយផ្សែងនៃភ្លើងសង្គ្រាម រុំព័ទ្ធដោយភាពក្រីក្រ ក្លាយទៅជាប្រទេសមួយមានសុខសន្តិភាព មានការអភិវឌ្ឍ និងទទួលបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់៕

To Top