ព័ត៌មានជាតិ

សម្ដេចតេជោ៖ ល្បិចកលក្រុមប្រឆាំង ធ្វើឲ្យខ្ញុំដកបទពិសោធន៍ ការពារសន្ដិភាព និងអាយុជីវិតពលរដ្ឋខ្មែរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ល្បិចកលរបស់ក្រុមប្រឆាំង តែងតែវាយប្រហារមកលើកម្ពុជានោះ បានធ្វើឲ្យសម្ដេចសិក្សាបន្ថែម ឬដកបទពិសោធន៍ ដើម្បីទប់ទល់ចំពោះពួកគេ ដើម្បីសំដៅការពារសុខសន្ដិភាព ស្ថិរភាពនយោបាយ និងការពារអាយុជីវិត ប្រជាពលរដ្ឋកម្ពុជា។

នាឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងការកោតសរសើរចំពោះកូនៗរបស់សម្ដេចដែលពួកគេ បានស្ដាប់ដំបូន្មាន ធ្វើឲ្យសម្ដេច ក្លាយជាឪពុកអប់រំកូនបានល្អ។ សម្ដេចថា រឿងនេះមិនអាចកាត់ផ្ដាចបានទេជាមួយការគាំទ្រពីភរិយា និងកូនៗ ព្រមទាំងអ្នកទាំងអស់គ្នា។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំ សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះសត្រូវរបស់ខ្ញុំ ឬដៃគូប្រកួតប្រជែងរបស់ខ្ញុំផងដែរ ដោយសារតែពួកគេ ទើបផ្ដល់ឱកាសខ្ញុំ បានខិតខំខ្លួនថា តើខ្ញុំគួរធ្វើយ៉ាងម៉េច? ដើម្បីនឹងឈ្នះអ្នកឯង និយាយតាមមួយបែប ឬខ្ញុំគួរធ្វើយ៉ាងម៉េច? ដើម្បីកុំឲ្យអ្នកឯងបំផ្លាញសន្ដិភាព និងការអភិវឌ្ឍប្រទេសជាតិ ។ ខ្ញុំគួរតែអរគុណចំពោះអ្នកឯង ដែលអ្នកឯងបានផ្ដល់ឱកាសឲ្យខ្ញុំ ប្រុងប្រយ័ត្នចំពោះអ្នកឯង តាមរយៈនៃការប្រុងប្រយ័ត្ននោះ ហើយដែលផ្ដល់ឲ្យខ្ញុំសិក្សាបន្ថែម ដកពិសោធន៍អំពីល្បិចកល របស់អ្នកឯង និងដើម្បីទប់ទល់ចំពោះអ្នកឯង សំដៅការពារនូវសន្ដិភាព ស្ថិរភាពនយោបាយ និងការពារជីវិត របស់ប្រជាជនកម្ពុជា»។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាមេដឹកនាំមួយរូបរបស់កម្ពុជា បានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយទឹកចិត្តឆន្ទៈមនសិកាស្នេហាជាតិ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ កម្ពុជា ជាប្រទេសដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើងសង្គ្រាម។ ក្នុងនាមជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥មក សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងប្តូរផ្តាច់យ៉ាងខ្លាំងក្លាបំផុតចំពោះកម្ពុជា ៕

To Top