ព័ត៌មានជាតិ

សម្ដេចតេជោ ជាឥស្សរជនខ្មែរដំបូងគេ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាឥស្សរជនខ្មែរដំបូងគេបង្អស់ នៅក្នុងដំណាក់កាលថ្មីដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងសម័យនេះ បន្ទាប់ពីសម្ដេចព្រះសង្ឃរាជ្យ ជួន ណាត ក៏ធ្លាប់បានទទួលសញ្ញាបត្រកិត្តិយស ពីសកលវិទ្យាល័យនេះ កាលពីជំនាន់សម័យសង្គមរាស្ត្រនិយមដែរ។

ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃ៥ សីហា សម្ដេចតេជោមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្រេចផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ដល់រូបសម្ដេច ។ សម្ដេចក៏បានថ្លែងអំណរគុណ ចំពោះក្រុមប្រឹក្សាភិបាល រាជបណ្ឌិតសភា ជាពិសេសក្រសួងអប់រំ ដែលបានវាយតម្លៃ ចំពោះស្នាដៃរបស់សម្ដេច ហើយសម្រេចផ្ដល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះ ។

សម្ដេចតេជោបន្តថា សម្ដេចបានក្លាយទៅជាអ្នករៀនសូត្រពេញមួយជីវិត មិនមែនបញ្ចប់ ត្រឹមថ្ងៃនេះទេ គឺសម្ដេចនៅតែជឿជាក់លើខ្លួនឯងថា ដ៏រាបណាសម្ដេចនៅមានដង្ហើម ដ៏រាបនោះសម្ដេចនៅតែបន្តការសិក្សា ។

សម្ដេចក៏បានអរគុណ ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ សាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលបានផ្ដល់ការវាយតម្លៃខ្ពស់សម្រាប់រូបសម្ដេច ។ សម្ដេចថា ចាប់ផ្ដើមពីសកលវិទ្យាល័ភូមិន្ទភ្នំពេញនេះហើយដែលសម្ដេចមានមូលដ្ឋាន ដើម្បីស្វែងរកឱកាសក្រោយឧត្ដមសិក្សា គឺថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ ។

សម្ដេចតេជោ បន្ថែមថា យោងទៅលើការបោះផ្សាយសៀវភៅ រហូតមកដល់ពេលេនេះ សម្ដេចបានទទួលសញ្ញាបត្រ កិត្តិយសប្រហែលមិនតិចជាង១០នោះទេ ទាំងសញ្ញាបត្រកិត្តិយក្នុងប្រទេសមានពីរ និងសញ្ញាបត្រកិត្តិយសក្រៅប្រទេសក៏មានច្រើន ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ថ្ងៃនេះខ្ញុំក្លាយទៅជា ឥស្សរជនខ្មែរដំបូងគេបង្អស់ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងដំណាក់កាលថ្មី មិនមែនបានសេចក្ដីថា ត្រឹមតែរូបខ្ញុំនៅទីនេះ ប៉ុន្តែយោងទៅលើឯកសារបានបញ្ជាក់ថា សម្ដេចព្រះសង្ឃរាជ្យ ជួន ណាត ព្រះអង្គក៏ធ្លាប់បានទទួលសញ្ញាបត្រកិត្តិយស ពីសកលវិទ្យាល័យនេះ កាលពីជំនាន់សម័យសង្គមរាស្ត្រនិយម ហើយសកលវិទ្យាល័យនេះ ក៏ធ្លាប់ផ្ដល់ទៅឥស្សរជនបរទេសផ្សេងទៀតដែរ តែក្នុងដំណាក់កាលថ្មីនេះ ខ្ញុំពិតជាអរគុណចំពោះការវាយតម្លៃ គុណសម្បត្តិរបស់ខ្ញុំ ទាក់ទងនិងការអភិវឌ្ឍន៍» ។

ជាមួយនឹងការផ្ដល់កិត្តិយសនេះ សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះការគាំទ្រទាំងឡាយពីសំណាក់ ព្រះករុណាព្រះមហាក្សត្រ ក៏ដូចជាព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គ តែងបានគាំទ្រចំពោះការងាររបស់សម្ដេច ដែលបញ្ហាទាំងអស់នោះ បានផ្ដល់ឱកាសដល់សម្ដេច បានឈានឡើងជាបន្តបន្ទាប់ ផ្សារភ្ជាប់ខ្លួនជាមួយប្រជាជាតិ ។

សម្ដេចក៏បានថ្លែងអំពណរគុណ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទាំងអ្នកនៅរស់ ក៏ដូចជាអ្នកដែលបានទទួលមរណៈភាព ក្នុងនោះមានសម្ដេច ជា ស៊ីម លោក សាយ ភូថង លោក ជា សុធ ដែលសុទ្ធតែជាឥស្សរជន ដែលមិនអាចបំភ្លេចបាន ។

សម្ដេចតេជោ ក៏បានប្រកាសចែករំលែកសមិទ្ធផល និងគុណសម្បត្តិសញ្ញាបត្រកិត្តយស ដែលសម្ដេចទទួលបាននេះ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទាំងអស់ ដែលគាំទ្ររូបសម្ដេច ៕

To Top