ព័ត៌មានជាតិ

សម្ដេចតេជោ រំលឹកសំណើសុំឲ្យលោក ស៊ិន ហ្សូអាបេ ជួយស្ដារបាតសមុទ្រកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរំលឹកពីសំណើទៅកាន់លោក ស៊ិន ហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលសុំឲ្យធ្វើយ៉ាងណាជួយបូមស្ដារ បាតសមុទ្រកម្ពុជា ដើម្បីធានាថា នាវាធុនធំអាចចូលមក ដោយមិនប៉ះជាមួយថ្ម ។

ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី៥ សីហា សម្តេចតេជោមានប្រសាសន៍ថា ស្អែកនេះសម្ដេច នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ដើម្បីចុះហត្ថលេខាផ្ដល់ឥណទាន សម្រាប់អភិវឌ្ឍន៍កំពង់ផែ ក្រុងព្រះសីហនុ ដើម្បីមានជម្រៅទឹក ដែលអាចឲ្យនាវាចូលចតលំដាប់១ម៉ឺន ២ពាន់តោន ។

សម្ដេចបន្តថា សព្វថ្ងៃកម្ពុជា មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ទទួលនាវាធុនធំ ដោយសារតែការដឹកជញ្ជូនបច្ចុប្បន្ននេះ ដឹកទៅផ្ទេរនៅសិង្ហបុរីរ វៀតណាម ឬថៃ ដើម្បីផ្ទេរចូលនាវាធុនធំ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «ចឹងបានជាជំនាន់តាំងពី ស៊ិន ហ្សូអាបេ ដែលគាត់នៅរស់ នៅកាន់អំណាច តែគួរឲ្យសោកស្ដាយ ដែលគាត់ទទួលមរណាភាព… ខ្ញុំសំណូមពរឲ្យគាត់ធ្វើយ៉ាងម៉េច ជួយបូមស្ដារបាតសមុទ្រ របស់យើង ឲ្យជម្រៅទឹកធានាឲ្យ នាវាធុនធំអាចចូលមក ដោយមិនមានប៉ះថ្មខាងក្រោម» ។

សម្ដេចតេជោបន្ថែមថា ឥឡូវនេះត្រូវចុះហត្ថលេខា ទទួលឥណទាននោះ ដើម្បីជំរុញធ្វើឲ្យមានជម្រៅទឹកជ្រៅ ដើម្បីធានាថា នាវាធុនធំអាចចូលមកដោយផ្ទាល់ ដឹកចេញដឹកចូលដោយផ្ទាល់ ដោយមិនចាំបាច់ផ្ទេរ ពីនាវាតូច ទៅធំដែលចំណាយអស់ទាំងលុយ និងពេលវេលា ៕

To Top