នយោបាយ

ដំណើរទស្សនកិច្ច របស់ប្រធានសភាអាមេរិក ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់តៃវ៉ាន់ គឺជាទង្វើបង្កហេតុ ប្រកបដោយគ្រោះថ្នាក់

ការធ្វើដំណើរមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ របស់លោកស្រី ប៉េឡូស៊ី ប្រធានសភា សហរដ្ឋអាមេរិក បានធ្វើឲ្យស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ កើនកំដៅយ៉ាងខ្លាំង ។ នេះគឺជាដំណើរទស្សនកិច្ច របស់មន្ត្រីថ្នាក់ខ្ពស់បំផុត របស់សហរដ្ឋអាមេរិក មកកាន់កោះតៃវ៉ាន់ក្នុងរយៈពេល២៥ឆ្នាំនេះ ។ ប្រជាជននៅទូទាំងពិភពលោក បានតាមដានព្រឹត្តិការណ៍នេះ ដោយក្ដីព្រួយបារម្ភ ។

រដ្ឋាភិបាលចិនបានថ្កោលទោស យ៉ាងដាច់អហង្កា ចំពោះដំណើរទស្សនកិច្ចនេះ ដោយសារដំណើរទស្សនកិច្ចនេះ គឺជាការរំលោភទៅលើអធិបតេយ្យភាព របស់ប្រទេសចិន ដែលជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះរដ្ឋាភិបាលចិន ។ រដ្ឋាភិបាលចិន បានដាក់កងទ័ព ឲ្យស្ថិតក្នុងស្ថានភាពប្រុងជើងការ ប្រយុទ្ធខ្ពស់បំផុត កោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក ក៏បានធ្វើដូចគ្នានេះដែរ ដែលនេះ គឺជាស្ថានភាពគ្រោះថ្នាក់បំផុត សម្រាប់តំបន់និងពិភពលោកទាំងមូល ។ ការយល់ច្រឡំ ការគណនាខុស ឬកំហុសដោយអចេតនាណាមួយ អាចនឹងធ្វើឲ្យសង្គ្រាមទ្រង់ទ្រាយធំ រវាងប្រទេសមហាអំណាច នុយក្លេអ៊ែរផ្ទុះឡើង ដែលនឹងបង្កគ្រោះមហន្តរាយធំធេង ដែលគេមិនអាចគិតដល់ ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ យើងឃើញថាសហរដ្ឋអាមេរិក បានតាមរុកគួនបង្ករឿង ដើម្បីដុតបញ្ឆេះកំហឹង របស់ប្រទេសចិន តាមគ្រប់មធ្យោបាយ ទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងសន្តិសុខ ។ ប៉ុន្តែជារៀងរហូតមក ប្រទេសចិនបានឆ្លើយតបដោយភាពអត់ធ្មត់ ប្រកបដោយភាពចាស់ ទុំផ្នែកការទូត និងបង្ហាញនូវឆន្ទៈធ្វើការផ្សះផ្សា នឹងស្ដារឡើងវិញ នូវទំនាក់ទំនង របស់ខ្លួន ជាមួយអាមេរិក ដែលធ្វើឲ្យស្ថានភាព នៃទំនាក់ទំនងរវាងចិន និងអាមេរិក ហាក់ដូចជាមានស្ថេរភាព នឹងនរនាពេលថ្មីៗនេះ ហើយតាមរយៈកិច្ចសន្ទនា តាមទូរស័ព្ទនាពេលថ្មីៗនេះ រវាងប្រធានាធិបតីអាមេរិក ចូបៃដិន និងប្រធានាធិបតីចិន ស៊ី ជិនពីង គេរំពឹងថា ប្រទេសមហាអំណាចទាំងពីរ អាចស្ដារឡើងវិញនូវទំនាក់ទំនងរបស់ពួកគេ ដែលនឹងផ្ដល់ផលល្អដល់តំបន់ និងពិភពលោកទាំងមូល ។

ប៉ុន្តែសេចក្ដីសង្ឃឹម របស់ពិភពលោក បានរលាយបាត់ភ្លាមៗនៅពេលដែលយន្តហោះរបស់លោកស្រី ប៉េឡូស៊ី បានបត់ក្បាលតម្រង់ទៅកាន់កោះតៃវ៉ាន់ និងចុះចតនៅលើកោះតៃវ៉ាន់ កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ ។ នណាក៏ដឹងដែរថា បញ្ហាកោះតៃវ៉ាន់គឺជារឿង រសើបបំផុតសម្រាប់ប្រទេសចិន និងជាបន្ទាត់ក្រហម ដែលមិនអាចឆ្លងកាត់បាន សម្រាប់រដ្ឋាភិបាលចិន។ ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ អាមេរិកទៅកាន់កោះនេះ ដែលប្រៀបដូចជាការ ទទួលស្គាល់កោះនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ សម្រាប់ប្រទេសចិន។ វាមិនមែនជារឿង ចៃដន្យនោះទេ តែនេះហាក់ដូចជាការ ប្រើប្រាស់ល្បិចថ្មីមួយទៀត ដើម្បីរុកគួនដុតបញ្ឆេះកំហឹង ប្រទេសចិន ដោយសង្ឃឹមថា ចិននឹងធ្វើការឆ្លើយតបដោយហិង្សា ដែលជាឱកាសសម្រាប់ បស្ចិមលោក ធ្វើការវាយប្រហារ ប្រទេសចិន។ នេះគឺជាល្បិច ដ៏ពិសពុលនិងឃោរឃៅ ដោយប្រើប្រាស់កោះតៃវ៉ាន់ ធ្វើជានុយដើម្បីទាញប្រទេសចិន ឲ្យធ្លាក់ចូលក្នុងអន្ទាក់របស់ខ្លួន ។ បើយើងពិនិត្យមើលតែមួយភ្លែត យើងអាចគិតថាអាមេរិកហាក់ដូចជាស្រឡាញ់យកចិត្តទុកដាក់ចំពោះកោះតៃវ៉ាន់ ប៉ុន្តែប្រសិនបើយើង ពិនិត្យមើល ឲ្យបានស៊ីជម្រៅ យើងឃើញថានេះគឺ ជាល្បិចដ៏ពិសពុលឃោរឃៅ ដោយអាមេរិក មិនខ្លាចនឹងយកប្រជាជន នៅលើកោះតៃវ៉ាន់ជាង២០លាននាក់ មកធ្វើជាឧបករណ៍ដើម្បីបម្រើមហិច្ឆតា របស់ខ្លួន នោះឡើយ ។

ជាការពិត គ្មានផលល្អណាមួយកើតឡើងពីដំណើរទស្សនកិច្ចនេះសម្រាប់កោះតៃវ៉ាន់ នោះឡើយ ។ កោះតៃវ៉ាន់នឹងមិនមានសុវត្ថិភាពជាងមុន ឬរីកចម្រើនរុងរឿងជាងមុន ដោយសារដំណើរទស្សនកិច្ចនេះ នោះឡើយ តែផ្ទុយទៅវិញរឿងរ៉ាវអាក្រក់ជាច្រើននឹងកើតឡើងក្រោយពេលទស្សនកិច្ចនេះ ជាពិសេស គឺភាពតានតឹង និងការប្រឈមដោយយោធានៅជុំវិញកោះនេះ។
តាមរយៈសកម្មភាព របស់សហរដ្ឋអាមេរិក ដែលបានធ្វើកន្លងមកចំពោះប្រទេសចិន និង ដំណើរទស្សនកិច្ចដ៏ពិសពុលនេះ ពិភពលោកទាំងមូលអាចមើលឃើញយ៉ាងច្បាស់ថាអ្នកណា ជាអ្នករុកគួនបង្ករឿងមុន អ្នកណាដែលមិនខ្វល់អំពីសន្តិភាព និងស្ថេរភាពនៅច្រកសមុទ្រ កោះតៃវ៉ាន់ នៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល ។

ការឆ្លើយតបដោយអត់ធ្មត់ ប្រកបដោយភាពចាស់ទុំរបស់ចិន ចំពោះការប្រមាថដ៏ធ្ងន់ធ្ងរនេះ គឺជាសំណាងរបស់ពិភពលោកទាំងមូល ប៉ុន្តែគេមិនដឹងថាតទៅមុខទៀត តើអាមេរិកនឹងប្រើប្រាស់ល្បិចអ្វីផ្សេងទៀត ដើម្បីទប់សង្កាត់ប្រទេសចិន ដែលនេះគឺជាក្ដីព្រួយបារម្ភធំបំផុត នាពេលអនាគត ៕
អត្ថបទដោយលោកសាស្រ្តាចារ្យបណ្ឌិត នាក់ ចិន្ដារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រ សមុទ្រសតវត្សរ៍ទី២១ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

To Top