ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបអ្នករិះគន់ដែលហៅ សម្តេចល្ងង់ថា បើសម្ដេចល្ងង់មែន មិនអាចឈរជើងជាង៤៥ឆ្នាំ និងឈរធ្វើជានាយករដ្ឋមន្រ្តី ៣៧ឆ្នាំនោះទេ ។
នាឱកាសអញ្ជើញ ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា «បន្ទាប់ពីការវាយប្រហារស្ថាប័នអប់រំ នៅទូទាំងប្រទេសរួចហើយ គេអាចវាយប្រហារ មកលើស្ថាប័នសកលវិទ្យាល័យភ្នំពេញនេះ គេថា តើផ្ដល់សញ្ញាបត្រឲ្យអាល្ងង់ធ្វើអី? ព្រោះប៉ុន្មានថ្ងៃនេះគេហៅខ្ញុំថា អាល្ងង់។ ខ្ញុំ មិនចង់យកថ្ងៃកំណើតខ្ញុំ តបតណាមួយទេ ។ អស់ពីទាស់ជាមួយឪពុក វាជេរកូន ហើយប៉ុន្មានថ្ងៃនេះគេថាខ្ញុំ ល្ងង់ណាស់ ហ៊ុន សែន ល្ងង់ណាស់។ តែខ្ញុំ គ្រាន់តែថាបន្ដិច ប្រសិនបើ ហ៊ុន សែន ល្ងង់ក៏មិនអាចឈរជើងជាង ៤៥ឆ្នាំបាន»។
សម្ដេចតេជោបន្ដថា ក្នុងអំណាចជាង៤៥ឆ្នាំ ដែលជាពេលវេលាធ្វើនាយករដ្ឋមន្ដ្រីជាង៣៧ឆ្នាំ មកនេះ ក្រុមប្រឆាំងលើកឡើងថា «ផ្ដាច់ការ» សម្ដេច សួរត្រឡប់ទៅវិញថា «តើមានអ្នកណាផ្ដាច់ការជាងប៉ុលពតទៀត?» ប៉ុន្ដែប៉ុលពតផ្ដាច់ការមែនពិត តែរស់បាន៣ឆ្នាំ ៩ខែ ២០ថ្ងៃប៉ុណ្ណោះ។
សម្ដេចតេជោបន្ថែមថា បើ «ហ៊ុនសែនល្ងង់ហើយ» ចុះអ្នកដែលសម្ដេចប្រើបាននោះ ជាស្អីអ្វី?។ សម្ដេចថា នាពេលនេះ សម្តេចជាឪបណ្ឌិត។ សម្ដេចសង្ឃឹមថា ថ្ងៃក្រោយនឹងក្លាយទៅជាជីតាបណ្ឌិត ហើយនាពេលនេះ សម្តេចធ្វើជានាយករដ្ឋមន្រ្តី ខណៈថ្ងៃក្រោយសម្តេច នឹងក្លាយទៅជាឪនាយករដ្ឋមន្រ្តីទៀត។
សម្ដេចតេជោ បានឲ្យដឹងថា សម្ដេចរៀបចំឲ្យកូនបន្តវេនដោយ សម្តេចបញ្ជាក់ថា មិនបណ្តុះបណ្តាលកូនឲ្យធ្វើមេចោរឡើយ។ លើសពីនេះ សម្ដេចតេជោ ក៏បានជំរុញឲ្យកូនចៅៗ របស់សម្ដេច ប្រឡូកចូលនយោបាយទាំងអស់ ៕