ព័ត៌មានជាតិ

ក្រសួង ណែនាំអ្នកបើកបរ ត្រូវដាក់ឯកសារមួយចំនួន តាមខ្លួន

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំ ដល់អ្នកបើកបរយានយន្ត ធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ត្រូវមានឯកសារភ្ជាប់ តាមខ្លួនមួយចំនួន ដើម្បីចូលរួមអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនៅកម្ពុជា ។

ថ្មីៗនេះ មានប្រជាពលរដ្ឋមួយ ចំនួនជាពិសេសអ្នកបើកបរយានយន្ត បានសម្ដែងមតិនៅតាមបណ្តាញ ទំនាក់ទំនងសង្គម ពាក់ព័ន្ធនឹងឯកសារ ដែលត្រូវភ្ជាប់តាមខ្លួន ពេលបើកបរយានយន្ត នៅលើផ្លូវថ្នល់។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួង នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៧មក ក្រសួងបានធ្វើការកែទម្រង់ តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយបានបញ្ចូល QR Code លើឯកសារបណ្ណបើកបរ យានយន្ត បណ្ណសម្គាល់ យានជំនិះ វិញ្ញាបនបត្រត្រួត ពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ (ឆៀក) លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្ម ដឹកជញ្ជូន និងឯកសារ ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីងាយស្រួលគ្រប់គ្រង ។

ដើម្បីចូលរួមអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក្រសួងធ្វើការណែនាំ ដល់អ្នកបើកបរយានយន្តធ្វើចរាចរណ៍ នៅលើផ្លូវថ្នល់ ត្រូវមានឯកសារភ្ជាប់តាមខ្លួន រួមមាន៖ទី១-បណ្ណបើកបរយានយន្ត តម្រូវឲ្យប្រើប្រាស់ឯកសារច្បាប់ដើម។ ទី២-បណ្ណសម្គាល់យានជំនិះ អាចប្រើប្រាស់ឯកសារ ច្បាប់ថតចម្លង។ ករណីបណ្ណសម្គាល់ យានជំនិះ មិនមាន QR Code តម្រូវឲ្យមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ចលើច្បាប់ថតចម្លងនោះ ទើបអាចប្រើប្រាស់ ជាផ្លូវការបាន ។ ទី៣-វិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) អាចប្រើប្រាស់ឯកសារច្បាប់ ថតចម្លង និងទី៤-ចំពោះរថយន្ត ប្រកបអាជីវកម្មដឹកជញ្ជូនទំនិញ ឬអ្នកដំណើរ ត្រូវភ្ជាប់តាមខ្លួនបន្ថែមនូវលិខិតអនុញ្ញាត ឲ្យយានយន្តធ្វើ អាជីវកម្មដឹកជញ្ជូន អាចប្រើប្រាស់ ឯកសារច្បាប់ថតចម្លង ៕

To Top