ភ្នំពេញ ៖ លោក Antony J. Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានប្តេជ្ញាធ្វើឲ្យមានទំនាក់ទំនង កាន់តែប្រសើរ ជាមួយកម្ពុជាបន្ថែមទៀត ។
ការប្តេជ្ញាចិត្តដ៏មុតមាំ របស់រដ្ឋមន្រ្តីការបរទេសមហាអំណាចរូបនេះ បានធ្វើឡើងក្នុងសន្និសីទ សារព័ត៌មានមួយរៀបចំឡើង ដោយទូតអាមេរិក នារសៀលថ្ងៃ៥ សីហា ដែលជាថ្ងៃចុងក្រោយ នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងគ្រាលោកចូលរួមកិច្ចប្រជុំនេះផងដែរ ។
ឆ្លើយតបចំពោះសំណួររបស់អ្នកសារព័ត៌មាន អំពីដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លោក Antony J. Blinken បានលើកឡើងពីការ ធ្វើឲ្យមានទំនាក់ទំនង កាន់តែប្រសើរជាមួយកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណា ក៏លោកបានឲ្យកម្ពុជា កែលំអរផ្នែកសិទ្ធិមនុស្សនិង លទ្ធិប្រជាធិបតេយ្យផងដែរ។
លោកបញ្ជាក់ថា “យើងបានពិភាក្សាគ្នាដោយបញ្ជាក់ពីគោលបំណង ជាក់លាក់របស់យើង អំពីទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ។ ហើយយើងបានប្តេជ្ញា ពង្រឹងពង្រីកទំនាក់ទំនងបន្ថែមទៀត ប៉ុន្តែមានបញ្ហា មួយចំនួន ដែលធ្វើឲ្យប៉ះពាល់ ដល់ទំនាក់ទំនងរបស់យើងទាំង២ ទៅលើវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ជាមិត្តភិក្តនឹងគ្នា កម្ពុជាត្រូវតែគោរព នូវកាតព្វកិច្ចអនុលោម តាមច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្ត ចំពោះការពារផ្នែកសិទ្ធិមនុស្ស គោលការណ៍គ្រឹះ” ។
លោកបន្ថែមថា “យើងបានលើកនូវបញ្ហាព្រួយបារម្ភទាំងនោះ ជាមួយសម្តេចតេជោ ហើយយើងក៏បានលើកអំពីការគោរព នូវសេរីពហុបក្ស ប៉ុន្តែយើងមិនបានជជែកអំពីបញ្ហាបុគ្គលដោយផ្ទាល់ ឬក៏គណបក្សណាមួយជាក់លាក់នោះទេ ប៉ុន្តែយើបានជជែក អំពីការដំណើរការជារួម ដែលដំណើរការនោះត្រូវតែបើកចំហរ មានតម្លាភាព ហើយនឹងបើកឱកាស ឲ្យមានការចូលរួមពីគ្រប់ តំណាងគណបក្ស នយោបាយនៅកម្ពុជា” ។
លោកបន្ថែមថា “ព្រឹកមិញនេះខ្ញុំបានជួបលោក កឹម សុខា ដែលជាមេដឹកនាំនយោបាយដ៏សំខាន់ម្នាក់ដែរនោះ ដូចបញ្ជាក់ខាងដើមចឹង ។ យើងមិនបានគាំទ្រទៅលើបុគ្គល ជាក់លាក់ណាមួយទេ តែយើងនិយាយជាគោលការណ៍ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដំណើរការបើកចំហរ និងតម្លាភាព និងការចូលរួមដែលទាំងនេះ គឺជាការពង្រឹងប្រទេសកម្ពុជាដូចជា ប្រទេសឯទៀតក្នុងពិភពលោកដែរ” ។
ទាក់ទងទៅនឹងដំណើរការបោះឆ្នោត នៅឆ្នាំ២០២៣វិញ លោកបាននិយាយថា “យើងបានបង្ហាញនូវក្តីរំពឹងខ្ញុំ ក៏ដូចជាក្តីរំពឹងរបស់ពលរដ្ឋកម្ពុជា ជាការបោះឆ្នោតមួយប្រកប ដោយសេរី និងយុត្តិធម៌ និងមានការចូលរួមជាទូទៅ ដូច្នោះតំណាងប្រជាពលរដ្ឋកម្ពុជា អាចចូលរួមក្នុងដំណើរ ការបោះឆ្នោតនោះ ។ គោលបំណងរបស់យើង គឺមិនគាំទ្របុគ្គល ឬក៏គណបក្សណាមួយជាក់លាក់នោះទេ គឺថាយើងនិយាយដំណើរ ការទូទៅ ប្រកបដោយលក្ខណៈប្រជាធិបតេយ្យតែប៉ុណ្ណោះ ។ នេះជាអ្វីដែលបានចែករំលែក ជាមួយសម្តេចតេជោ” ៕
ដោយ៖ សយ សុភា