នយោបាយ

ទំនាក់ទំនងមិត្តភាព «ដែកថែប» កម្ពុជា-ចិន នាំអោយយុវជនកម្ពុជា រីកចម្រើនលូតលាស់

នៅខែមិថុនា ឆ្នាំ២០២២ មជ្ឈមណ្ឌលកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រ សមុទ្រសតវត្សទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមជ្ឈមណ្ឌល ស្រាវជ្រាវកម្ពុជា នៃសាកលវិទ្យាល័យភាសា បរទេសប៉េកាំង បានរួមគ្នាផ្សព្វផ្សាយ អំពីលទ្ធផល ស្ទង់មតិ នៃការយល់ឃើញ របស់យុវជនកម្ពុជា ចំពោះប្រទេសចិន ។

លទ្ធផលនេះបានបង្ហាញថា អ្នកឆ្លើយសំណួរ ក្នុងការស្ទង់មិតិនេះ ជាទូទៅបានយល់ឃើញដូចគ្នាថា ប្រទេសចិន គឺ ជាមហាប្រទេសដ៏សំខាន់មួយ ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងការស្វែងរកការអភិវឌ្ឍន៍ ប្រកបដោយសន្តិភាព ហើយពួកគេយល់ យ៉ាងជ្រាលជ្រៅ អំពីតួនាទី ដ៏សំខាន់ នៃការវិនិយោគ របស់ក្រុមហ៊ុនសហគ្រាសចិន ក្នុងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន កម្ពុជា ។ ភាពឆ្លាតវៃ ភាពឧស្សាហ៍ព្យាយាម ភាពទាន់ សម័យ មិត្តភាព និងភាពសម្បូរសប្បាយ គឺជាពាក្យគន្លឹះដ៏ពេញនិយម និងច្បាស់លាស់បំផុត ទាំង៥ ដែលអ្នកឆ្លើយសំណួរ ការស្ទង់មិតិនេះ បានប្រើប្រាស់សម្រាប់ពណ៍នា ពីរូបភាពប្រទេសចិន ។ លទ្ធផលស្ទង់មតិនេះ បានឆ្លុះបញ្ចាំងយ៉ាងជាក់ស្តែងថា ចាប់តាំងពីសមាជនៃបក្សកុម្មុយនិស្តចិន លើកទី១៨មក ចំណងមិត្តភាព រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ បានទទួលសមិទ្ធិផល ដ៏អស្ចារ្យបំផុត នៅក្នុងបរិបទ នៃការបន្តធ្វើឱ្យស៊ីជម្រៅ នៃការជឿទុកចិត្តគ្នាផ្នែកនយោបាយរវាងចិន និងកម្ពុជា ការអភិវឌ្ឍន៍យ៉ាងរស់រវើក នៃកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការពង្រីកជាបន្តបន្ទាប់នៃជម្រៅ និងទំហំនៃការផ្លាស់ប្តូរវប្បធម៌ ។ ក្រោមរូបភាពនៃភាពស៊ីជម្រៅ ក្នុងការផ្លាស់ប្តូរវប្បធម៌ មនុស្សទៅវិញ ទៅមក ប្រទេសទាំងពីរ បានសំរេចបាន សមិទ្ធិផលដ៏អស្ចារ្យ ក្នុងការតភ្ជាប់ទំនាក់ទំនង់ របស់ប្រជាជនខ្លួន ទំនាក់ទំនងកម្ពុជា-ចិន បន្តដំណើរឈាន ដល់កម្រិតខ្ពស់ ហើយបានផ្តល់ឱកាសជាច្រើន ដល់យុវជនកម្ពុជាសម្រាប់ការ លូតលាស់ និងការអភិវឌ្ឍន៍ ។

បើនិយាយពីការសិក្សានៅប្រទេសចិន កម្មវិធីអាហារូបករណ៍ របស់រដ្ឋាភិបាលចិន បានទទួលនិស្សិតកម្ពុជាជិត ៣ ពាន់នាក់ ។ បន្ទាប់ពីត្រឡប់មកកម្ពុជាវិញ និស្សិតជាច្រើនបានចូលរួម និងបម្រើការងារក្នុងវិស័យសំខាន់ៗដូចជា នយោបាយ ធុរកិច្ច និងការអប់រំ ។ ការស្ទង់មតិខាងលើ បានបង្ហាញឱ្យឃើញថា រួមជាមួយនឹងអឺរ៉ុប និងសហរដ្ឋអាមេរិក ប្រទេសចិនបានក្លាយជាគោលដៅសិក្សា កំពូលមួយក្នុងចំណោម អ្នកឆ្លើយសំណួរ ។ សេដ្ឋកិច្ច បច្ចេកវិទ្យា នយោបាយ និងភាសាចិន គឺជាទិសដៅមុខវិជ្ជា ដែលអ្នកឆ្លើយសំណួរពេញចិត្តបំផុត ។
ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់យុវជនកម្ពុជា ទៅសិក្សានៅប្រទេសចិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយកាសែត កម្ពុជាថ្មី ថា ប្រទេសចិន នឹងផ្តល់ឱកាសដល់យុវជនកម្ពុជា បន្ថែមទៀត ដើម្បីសិក្សានៅប្រទេសចិន ។
ការវិនិយោគ របស់សហគ្រាសចិន នៅក្នុងប្រទេសកម្ពុជា បានផ្តល់ឱកាសអភិវឌ្ឍន៍អាជីព និងមុខរបរមួយចំនួនធំ ដល់យុវជនកម្ពុជា។ ចាប់តាំងពីឆ្នាំ ២០១៣ មក ប្រទេសចិន គឺជាប្រភពនៃការវិនិយោគបរទេសធំ ជាងគេនៅកម្ពុជា ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តែមួយគត់បានបង្កើតការងារ ក្នុងស្រុកជិត ៣ ម៉ឺនកន្លែង ។ ដោយប្រឈមមុខ នឹងការពិតមួយដែលថា ឧស្សាហកម្មផលិតកម្ម របស់ប្រទេសកម្ពុជា ត្រូវបានគ្រប ដណ្តប់ ដោយឧស្សាហកម្មដែលពឹងផ្អែក លើកម្លាំងពលកម្ម ហើយទីផ្សារទេពកោសល្យ ត្រូវការកម្មករជំនាញជាច្រើន ជាបន្ទាន់ ក្រុមហ៊ុនសហគ្រាសចិន នៅកម្ពុជាបានអនុវត្តការបណ្តុះបណ្តាលជំនាញ និងចំណេះដឹងក្នុងស្រុកតាមរយៈ “ថ្នាក់មេជាងបង្រៀន កូនជាង” និងការបើក វគ្គបណ្តុះបណ្តាលជំនាញជាដើម ។ សាលាវិជ្ជាជីវៈកម្ពុជា-ចិន ក៏បានរួមគ្នាបង្កើតសម្ព័ន្ធ សហប្រតិបត្តិការ ផ្នែកអប់រំវិជ្ជាជីវៈ ដើម្បីបង្កើត វេទិកាសហប្រតិបត្តិការ ដើម្បីបំពេញចន្លោះ ខ្វះខាតធនធានមនុស្សនៅកម្ពុជា ។ លទ្ធផលស្ទង់មតិ ដដែលបានបង្ហាញថា អ្នកឆ្លើយសំណួរ បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់ ដែលក្រុមហ៊ុនចិន បានដើរតួក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ជាង 70% នៃអ្នកឆ្លើយ សំណួរ មានបំណងចង់ស្វែងរកការងារ នៅក្នុងក្រុមហ៊ុនចិន ហើយសង្ឃឹមថានឹងទទួលរៀន សូត្របានជំនាញ និងចំណេះដឹងបន្ថែមទៀត។

កិច្ចសហប្រតិបត្តិការយ៉ាង ស៊ីជម្រៅរវាងកម្ពុជា និងចិន បានជំរុញឱ្យ មានការពេញនិយមរៀនភាសាចិនយ៉ាងខ្លាំងនៅកម្ពុជា។ ការស្ទង់មតិបានបង្ហាញថា អ្នកឆ្លើយសំណួរ ជាទូទៅមានជំនឿថា ការរៀនភាសាចិន អាចជួយ បានយ៉ាងច្រើន ក្នុងការស្វែងរកការងារ ដូច្នេះពួកគេបានរក្សានូវបំណង ប្រាថ្នាចង់រៀន ភាសាចិនយ៉ាងខ្លាំង ។ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ នៃការរៀនភាសាចិន នៅក្នុងសង្គមកម្ពុជា ចំនួនវិទ្យាស្ថានខុងជឺ ដែលរួមគ្នាបង្កើតឡើង ដោយប្រទេសកម្ពុជា និងចិន បានកើនឡើង ដល់ពីរទីតាំង ។ បន្ថែមពីថ្នាក់បណ្តុះបណ្តាលភាសា មុខវិជ្ជាដែលទាក់ទង នឹងភាសាចិនក៏ត្រូវបានដាក់បញ្ចូល ក្នុងប្រព័ន្ធឧត្តមសិក្សាកម្ពុជាផងដែរ ។ សាកលវិទ្យាល័យភ្នំពេញភូមិន្ទ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងសាកលវិទ្យាល័យមានជ័យ បានបើកថ្នាក់បរិញ្ញាបត្រ ភាសាចិន ។ រាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកម្ពុជា ផ្តល់វគ្គសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើការបង្រៀនភាសាចិន ដល់អ្នកដែល មានភាសាកំណើត មិនមែនជាភាសាចិន ។ យោងតាមស្ថិតិមិនទាន់ បញ្ចប់មួយបានបង្ហាញថា ប្រហែលមួយភាគបួន នៃថ្នាក់ឧត្តមសិក្សារកម្ពុជា កំពុងបង្រៀនវគ្គសិក្សា ភាសាចិន ។ សករាជនៃការនិយមភាសាចិន ក៏បានជំរុញការងារភាពយន្ត និងរឿងភាគទូរទស្សន៍របស់ចិន ឱ្យចូលក្នុងទីផ្សារកម្ពុជា កាន់តែច្រើន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យកម្ពុជា ។ លទ្ធផលស្ទង់មតិខាងលើ ក៏បានបង្ហាញផងដែរថា ជិត ៨៥ភាគរយ នៃអ្នកឆ្លើយសំណួរ គឺចូលចិត្តភាពយន្ត រឿងភាគទូរទស្សន៍ ចម្រៀងពេញនិយមជាដើម ដែលមកពីប្រទេសចិន ។

ប្រទេសចិន និង កម្ពុជា គឺជាមិត្តដែកថែប ហើយទំនាក់ទំនងចិន-កម្ពុជា គឺជាគំរូសម្រាប់ការ អនុវត្តគោលគំនិតនៃ “មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ ទៅវិញទៅមក និងភាពរួបរួម” នៅក្នុងទំនាក់ទំនងការទូតប្រទេសជិតខាង ។ ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ មេដឹកនាំនៃ ប្រទេសទាំង ពីរបាន “ទៅបំពេញទស្សនកិច្ចសួរសុខទុក្ខគ្នាញឹកញាប់ដូចសាច់ញាតិ” ហើយការជឿទុកចិត្តគ្នា ខាងនយោបាយបាន បន្តកាន់តែស៊ីជម្រៅ។ កម្ពុជាបានក្លាយជាប្រទេសដំបូងគេ ដែលចុះហត្ថលេខាលើសហគមន៍នៃផែនការសកម្មភាពវាសនារួមជាមួយប្រទេសចិន។ តាមរយៈការតភ្ជាប់ស៊ីជម្រៅ នៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” និង ‹យុទ្ធសាស្ត្រចតុកោណ› របស់កម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរបានកើនឡើងលើសពី ១០ ពាន់លានដុល្លារ ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា ដែលចូលជាធរមាន នៅដើមឆ្នាំ ២០២២ បានផ្តល់ ជាគំរូសម្រាប់កិច្ច សហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេស ដែលមានមាត្រដ្ឋាន ខុសគ្នាយ៉ាងខ្លាំងនៅលើ ឆាកអន្តរជាតិ ។ ដោយឡែក ចាប់តាំងពីការផ្ទុះឡើង ជាសកល នៃការរីករាលដាល នៃជំងឺកូវីដ១៩ ប្រទេសចិន បានផ្តល់វ៉ាក់សាំង ដល់កម្ពុជាជាង ៤២ លានដូស ដែលជួយកម្ពុជា សម្រេចបាននូវអត្រា ចាក់វ៉ាក់សាំងបង្ការបាន ៩៣ ភាគរយ និងការជួយចាប់ស្តារសេដ្ឋកិច្ចឡើងវិញ ។ ផ្លូវ ស្ពានធំៗ ស្ថានីយ៍វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលបានផ្តល់ជំនួយ ដោយប្រទេសចិន មិនត្រឹមតែបើកសសៃឈាម ដឹកជញ្ជូន របស់កម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវការធានា ថាមពលប្រកប ដោយស្ថិរភាព សម្រាប់ ការអភិវឌ្ឍន៍ជាតិ និង ជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា។ នាពេលបច្ចុប្បន្ន ពិភពលោកកំពុង ឆ្លងកាត់ការផ្លាស់ប្តូរ ដែលមិនធ្លាប់មាន ក្នុងអំឡុងពេលមួយ សតវត្សរ៍មកនេះ ។ ជំងឺរាតត្បាតកូវីដ១៩ ដែលបំផ្លាញពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បូករួមទាំងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយនិងហានិភ័យនៃវិបត្តិថាមពល និង វិបត្តិស្បៀងអាហារពិភពលោក ដែលកំពុងកើនឡើង បានបង្កើនឲ្យមានភាពមិនច្បាស់លាស់ កាន់តែខ្លាំងនៅក្នុងពិភពលោក ។

ទោះបីជាយ៉ាងនេះក៏ដោយ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំដូចដែកថែប ។ មានប្រទេសមហាអំណាចមួយចំនួននៅតែចង់បង្កើតបក្សសម្ព័ន្ធ និងបែងចែក ពិភពលោកតាម មនោគមវិជ្ជារបស់គេ។ ការអនុវត្តបែបនេះកាន់តែមិនទទួលបានការពេញចិត្ត ពីសំណាក់ប្រទេស និងប្រជាជន ពិភពលោកទាំងមូល។ មូលហេតុដែលទំនាក់ទំនងកម្ពុជា-ចិនមានភាពជិតស្និទ្ធ និង មានរយៈពេលយូរនោះ គឺបង្ហាញយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឈរលើសមភាព និងផលប្រយោជន៍ទៅវិញទៅមក ហើយដើរតាមគោលគំនិត អភិបាលកិច្ចសកលនៃ “ពិភាក្សា បង្កើត និងចែករំលែកផលប្រយោជន៍ រួមជាមួយគ្នា” និងពិតជាផ្តល់ផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរ ។ ដូចកម្ពុជាដែរ សហគមន៍អន្តរជាតិ ទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការរក្សាពហុភាគីនិយម និងគាំទ្រដំណោះស្រាយ និងប្រាជ្ញារបស់ចិនក្នុងការដោះស្រាយបញ្ហាអភិវឌ្ឍន៍សកល និង បញ្ហាប្រឈមជាសកលផ្សេងៗទៀត ៕

(អ្នកនិពន្ធ ៖
លោកបណ្ឌិត Gu Jiayun នាយករង នៃវិទ្យាស្ថានអាស៊ី អាហ្រ្វិក នៃសាកលវិទ្យាល័យភាសាបរទេស ប៉េកាំង
លោកបណ្ឌិត នាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រ សតវត្សទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ)

To Top