ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានស្នើសុំវិភាគទានបន្ថែមទៀត ពីប្រទេស កាណាដា ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥» ។
ការស្នើសុំរបស់លោក ប្រាក់ សុខុន ធ្វើឡើងក្នុងជំនួបជាមួយលោកស្រី ម៉ារី ណុក (Mary Ng) រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ ការជំរុញការនាំចេញ ធុរកិច្ចធុនតូច និងការអភិវឌ្ឍសេដ្ឋកិច្ចកាណាដា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌ អាស៊ាន នៅរាជធានីភ្នំពេញ ។
ក្នុងជំនួបនោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី ម៉ារី ណុក បានឯកភាពធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងចំណងមិត្តភាពល្អ រវាងប្រទេសទាំងពីរ និងបានជំរុញកិច្ចសហប្រតិបត្តិការ ឱ្យបានទូលំទូលាយ ដើម្បីផលប្រយោជន៍រួមគ្នាក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងសកល។ ភាគីទាំងពីរបានឯកភាពរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំនេះ។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះជំនួយ និងការគាំទ្រផ្នែកបច្ចេកទេសរបស់ប្រទេសកាណាដា នៅក្នុងសកម្មភាពបោសសម្អាតមីននៅកម្ពុជា និងបានស្នើសុំឱ្យឱ្យមានវិភាគទានបន្ថែមទៀតពីកាណាដា ឆ្ពោះទៅសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥»។
ភាគីទាំងពីរបានកត់សម្គាល់ ដោយសេចក្ដីពេញចិត្តចំពោះគន្លងវិជ្ជមាន នៃពាណិជ្ជកម្មទ្វេភាគី ខណៈដែលឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូងអំណរគុណដល់កាណាដា ដែលបានរក្សាប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់កម្ពុជា។
ចំពោះទំនាក់ទំនងអាស៊ាន-កាណាដា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះ ការគាំទ្រយ៉ាងពេញទំហឹងរបស់កាណាដា សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីការចូលរួមរបស់នាយករដ្ឋមន្ត្រីកាណាដា ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំនេះ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងសំណើរបស់កាណាដា ក្នុងការលើកកម្ពស់ឋានៈរបស់ខ្លួន ទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ ៕