ភ្នំពេញ ៖ ក្រសួងទេសចរណ៍ មានគណៈកម្មការរៀបចំ និងវាយតម្លៃចំណាត់ ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (គ.រ.ច.) ជាសេនាធិការ បានសម្រេចលើកលែង កាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និង សេវាកម្មស្នាក់នៅទេសចរណ៍ ចំពោះរាល់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ជាប្រភេទសហគ្រាសធុនតូច និងមធ្យម (ជាប់ពន្ធតូច និងពន្ធមធ្យម)។
យោងតាមសេចក្ដី ជូនដំណឹងរបស់ក្រសួងទេសចរណ៍ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ក្នុងគោលបំណងជំរុញ ដល់ការបើកដំណើរ ការអាជីវកម្មជាប្រភេទសហគ្រាសធុនតូច និង មធ្យម ក្នុងដំណាក់កាលងើបឡើងវិញ ពីវិបត្តិជំងឺកូវីដ-១៩ គណៈកម្មការរៀបចំ និងវាយតម្លៃចំណាត់ថ្នាក់ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ ទេសចរណ៍ (គ.រ.ច.) សម្រេចលើកលែងកាតព្វកិច្ច ស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់ នៅទេសចរណ៍ ចំពោះរាល់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ជាប្រភេទសហគ្រាសធុនតូច និងមធ្យម (ជាប់ពន្ធតូច និងពន្ធមធ្យម) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ» ។
ក្រសួងបន្ដថា អាជីវកម្មប្រភេទខាងលើនេះ មានជម្រើស (ដោយស្ម័គ្រចិត្ត) ក្នុងការស្នើសុំការវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ តាមលក្ខខណ្ឌអាជីវកម្មរបស់ខ្លួន។
ក្រសួងបន្ថែមថា ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជា សហគ្រាសធុនធំ (ជាប់ពន្ធធំ) នៅតែបន្តជាប់កាតព្វកិច្ចស្នើសុំ ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ និងត្រូវរួសរាន់ដាក់ពាក្យស្នើសុំ ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ នៅលេខាធិការដ្ឋានគណៈកម្មការរៀបចំ និងវាយតម្លៃចំណាត់ ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដែលមានទីតាំង នៅទីស្តីការក្រសួងទេសចរណ៍ ឬ នៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ជៀសវាងរងការពិន័យ អន្តរការណ៍ជាប្រាក់ ស្របតាមស្មារតីប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ ដោយក្រសួងទេសចរណ៍៕