ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចពិភាក្សា សំណើរបស់បងប្អូនអាជីវករ ផ្សារអូរឫស្សី ដែលបានជួបប្រជុំ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក កើត ឆែនិងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ រួមជាមួយតំណាងអាជីវករផ្សារអូរឫស្សីចំនួន៥រូប ។
បន្ទាប់ពីបានស្តាប់នូវការលើកឡើង របស់ភាគីតំណាងផ្សារអូរឫស្សីរួចមក និងជួបពិភាក្សាគ្នារួចហើយ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យតំណាងអាជីវករ យកលទ្ធផលនៃកិច្ចប្រជុំ ទៅជម្រាបជូនបងប្អូនអាជីវករផ្សារអូរឫស្សីទាំងអស់ដូចខាងក្រោម៖
១.ចំពោះអាណត្តិថ្មីនៃកិច្ចសន្យា គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០៤២ ។
២.ចំពោះការបង់ប្រាក់ សម្រាប់អាណត្តិថ្មី នៃកិច្ចសន្យាបងប្អូនអាជីវករ អាចធ្វើការបង់ប្រាក់ទៅតាមលទ្ធភាពជាក់ស្ដែង ដូចខាងក្រោម៖ ជម្រើសទី១ បង់ប្រាក់១លើក សម្រាប់អាណត្តិរយៈពេល២០ឆ្នាំ, ជម្រើសទី២ បង់ប្រាក់២លើក សម្រាប់អាណត្តិរយៈពេល២០ឆ្នាំ ដោយបង់១០ឆ្នាំម្តង និងជម្រើសទី៣ បង់ប្រាក់៤លើក សម្រាប់អាណត្តិរយៈពេល២០ឆ្នាំ ដោយបង់ប្រាក់៥ឆ្នាំម្ដង៕


