ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានខិតខំបង្កើតមុខរបរថ្មីៗជាច្រើន ដូចជា ចិញ្ចឹមសត្វ និងកសិកម្មអភិរក្ស ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចប្រជាពលរដ្ឋ កំពុងរស់នៅតាមតំបន់សហគមន៍ តំបន់ការពារធម្មជាតិនានា នៅទូទាំងប្រទេសកម្ពុជា។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៨ សីហា បានបញ្ជាក់ថា «ក្រសួង បានខិតខំបង្កើតមុខរបរថ្មីៗជាច្រើន ក្នុងន័យផ្លាស់ប្តូរមុខរបរចាស់របស់បងប្អូនប្រជាពលរដ្ឋខ្លះដែលចូលព្រៃកាប់ឈើ បរបាញ់សត្វ ក្នុងនោះក្រសួងកំពុងសិក្សាបង្កាត់ពូជជ្រូកឦសាន, ជ្រូកគូលែន និងជ្រូកព្រៃ ដែលជាប្រភេទជ្រូកកំពុងមានទីផ្សារ និងមានតម្លៃថ្លៃ សម្រាប់ចែកជូនដល់ប្រជាសហគមន៍ចិញ្ចឹម»។
ជាក់ស្តែង ក្រសួងបរិស្ថាន បានបង្កើតកសិដ្ឋានបង្កាត់ពូជជ្រូកមានឈ្មោះថា «កសិដ្ឋានចិញ្ចឹមសត្វ និងកសិកម្មអភិរក្ស» លើផ្ទៃដីជាង ១ហិកតា នៅក្នុងមជ្ឈមណ្ឌលកេសរកូល សុខ អាន ភ្នំគូលែន ស្ថិតនៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចទីកន្លែងកសិដ្ឋានចិញ្ចឹមជ្រូកមួយនេះ នាពេលថ្មីៗនេះ បានលើកឡើងថា បច្ចុប្បន្នក្រសួងបរិស្ថាន បាននឹងកំពុងជំរុញប្រជាសហគមន៍តំបន់ការពារធម្មជាតិ លើការចិញ្ចឹមសត្វជាពិសេសប្រភេទពូជជ្រូកគូលែន ឬជ្រូកឦសាន ដែលជាប្រភេទកូនកាត់ជ្រូកស្រុក និងជ្រូកព្រៃ មាឌតូច តែមានឱជារស និងមានទីផ្សារ ដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលជូនប្រជាពលរដ្ឋបង្កើតការងារ ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ៕