ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំពិភាក្សាការងារ ជាមួយអនុប្រធាន អគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម នៅរដ្ឋធានីហាណូយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញជួបប្រជុំពិភាក្សា ការងារជាមួយ ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ងៀ អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួង ការពារប្រទេស នៃសាធារណរដ្ឋសង្គម និយមវៀតណាម ក្នុងឱកាស នៃការបំពេញទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ រយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅសាធារណរដ្ឋសង្គមនិយម វៀតណាម ។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ងៀ បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ នៅក្នុងប្រទេសវៀតណាម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ព នៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ហើយក៏ស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។ ទន្ទឹមនឹងនេះ លោក អនុប្រធានអគ្គសេនាធិការ ក៏បានចូល រួមអបអរសាទរ ដល់កម្ពុជា ដែលទទួលបាននូវជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំអាស៊ាន និង ការរៀបចំការបោះការឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងការរៀបចំប្រារព្ធពិធីរំឭកខួបលើកទី៤៥ នៃទិវាចងចាំ ដំណើរឆ្ពោះ ទៅកាន់ការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០២២នេះ។ ជាមួយគ្នានេះ លោកក៏បានសម្តែង នូវការអបអរសាទរ និងគាំទ្រផងដែរចំពោះ លោក ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៣ បោះឆ្នោតជ្រើសតាំងជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគត។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រទេសជិតខាងល្អ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាជួបការលំបាក។

លើសពីនេះ លោក ក៏បានកត់សម្គាល់អំពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃលទ្ធផលកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមទាំងវិស័យយោធា និងសន្តិសុខ ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

ជារួម សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ ដែលកងទ័ព នៃប្រទេសទាំងពីរសម្រេចបានកន្លងមក ជាពិសេសក្នុង កម្រិតកងទ័ពជើងគោក ដែលពិតជាបាន ហើយក៏នឹងបន្តចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព រវាងប្រទេស និងប្រជាជនយើងទាំងពីរ ឱ្យកាន់តែរឹងមាំ និងយូរអង្វែង ដែលជាមូលដ្ឋានមិនអាចខ្វះបានដើម្បីការពារ និងកសាងប្រទេសទាំងពីរ ឱ្យបានរីកចម្រើន រុងរឿងទាំងអស់គ្នា នៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕

To Top