ព័ត៌មានជាតិ

គិតត្រឹមដើមខែសីហា ក្រុមហ៊ុនរុករករ៉ែមាស នៅមណ្ឌលគិរី ផលិតមាស បានជាង ៣ពាន់គីឡូក្រាម (Video)

ភ្នំពេញ ៖ តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនអូស្ត្រាលីមួយ មានសិទ្ធិវិនិយោគផលិតរ៉ែមាស ឲ្យទៅជាមាសដុំ តាំងពីអំឡុងខែមិថុនា ឆ្នាំ២០២១ នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរីនោះ គិតមកដល់ដើមខែសីហា ឆ្នាំ២០២២នេះ ក្រុមហ៊ុនផលិត បានចំនួន៣ ៥៤៣ គីឡូក្រាម ។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែ និង ជាអ្នកនាំពាក្យវិស័យរ៉ែ បានមានប្រសាសន៍ ក្នុងសន្និសីទ សារព័ត៌មាន ស្តីពីសមិទ្ធផល សម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃ៩ សីហាថា “ក្រុមហ៊ុន Renaissance ផលិតរ៉ែមាសមកពីប្រទេសអូស្ត្រាលី បានផលិតមាស២៣២ដុំ គិតជាគីឡូបាន៣៥៤៣គីឡូ គិតត្រឹមមកដើមខែសីហានេះ” ។

ក្នុងនោះលោកបញ្ជាក់ថា ក្រុមហ៊ុនក៏បានបង់សួយសារ ចូលរដ្ឋជាង៥លានដុល្លារ។

លោកថា ក្នុងចំណោមក្រុមហ៊ុន៧ ទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្មផលិតរ៉ែមាសនេះ ទើបតែមានក្រុមហ៊ុន មកពីអូស្ត្រាលីនេះមួយទេ ផលិតបានរ៉ែមាស ជាង៣ពាន់តោន ។ ប៉ុន្តែលោកបន្តថា កាលពីប៉ុន្មានថ្ងៃមុន ពោរថ្ងៃ៤ សីហា ក៏មានក្រុមហ៊ុន មួយទៀតឈ្មោះ ដេខម ជាក្រុមហ៊ុនខ្នាតតូចដែរ នោះ ចាប់ផ្តើមសាកល្បង ផលិតមាសបាន២០គីឡូ។ ក្រុមហ៊ុននេះ មានគោលដៅផលិត ឲ្យបានក្នុង១ឆ្នាំ៣៤០គីឡូ។ បើគិតជាសួយសារចូលរដ្ឋ បានប្រហែលជា៦០ម៉ឺនដុល្លារក្នុងឆ្នាំ។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងរ៉ែ ជាសេនាធិការ បានប្រារព្ធពិធីបើកដំណើរការ ចម្រាញ់មាសលើកដំបូងរបស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited មកពីប្រទេសអូស្រ្តាលី នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី។ រដ្ឋមន្ត្រីក្រសួងរ៉ែ បានអះអាងថា ពេលដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់ រ៉ែមាស មានសមត្ថភាពជីកយករ៉ែឆៅ ប្រមាណជិត២ លានតោនក្នុង១ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ភាគរយ ។ មាសនេះ នឹងស្រូបទាញកម្លាំងពលកម្ម សរុបប្រមាណ៤៦២នាក់ ក្នុងនោះជនជាតិខ្មែរ ប្រមាណ ៤២៧ នាក់ និងបរទេស៣៥នាក់ ហើយអាចទាញចំណូលប្រមាណ ១៨៥លានដុល្លារក្នុង១ឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិ ពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០លានដុល្លារ ៕

To Top