ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center នាថ្ងៃទី៨ សីហា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ប្រទេសចិន ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម។
នាឱកាសនោះ លោករដ្ឋមន្ដ្រី វេង សាខុន បានថ្លែងអំណរគុណចំពោះលោកនាយកមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ចំពោះកិច្ចខិតខំប្រឹងប្រែងសហការជាមួយ អគ្គនាយកដ្ឋានកសិកម្ម ក្នុងការជំរុញ លើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មថ្មីមួយទៀត គឺការបើកទីផ្សារទឹកមាត់ត្រចៀកកាំកម្ពុជាឲ្យនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។
លោកបានលើកឡើងថា ទឹកមាត់ត្រចៀកកាំកម្ពុជាកន្លងមក ផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅ ផ្លូវការ។ លោកថា ឯកសារ MOU នេះនឹងជួយបើកទីផ្សារចិនដែលជាទីផ្សារធំជាងគេឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។
លោកបញ្ជាក់បន្ថែមថា ផលិតកម្មទឹកមាត់ត្រចៀកកាំ (ការចិញ្ចឹម) ការប្រមូលផល ការកែច្នៃ ក៏នឹងត្រូវបានលើកកម្ពស់ ឆ្លើយតបបានតាមសេចក្តីត្រូវការទីសារចិន តាមរយៈការលើកកម្ពស់គុណភាពផលិត និងកែច្នៃ ស្រមតាមមតិរបស់លោកប្រធានមជ្ឈមណ្ឌល បានលើកឡើងថា មជ្ឈមណ្ឌលនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជានាពេលអានគតដ៏ខ្លី៕