ភ្នំពេញ ៖ បុរសកំណាចឃោរឃៅម្នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២២ សម្រេចឃុំខ្លួន និង បានបញ្ជូនខ្លួន ទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹង ការជះទឹកអាស៊ីត ទៅលើស្ត្រីរងគ្រោះម្នាក់ ដែលត្រូវជាប្រពន្ធរបស់គាត់ ដោយសារតែការប្រច័ណ្ឌ និង ការហួងហែង ហួសហេតុ បណ្តាលឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរ រួចរត់គេចខ្លួន។
យោងតាមដីការបស់លោកចៅក្រមស៊ើបសួរ បានឱ្យដឹងថា: ជនត្រូវជាប់ចោទមានឈ្មោះ ហ៊ាន ប៊ុនធាន ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ។
ជនត្រូវចោទត្រូវបានតំណាង អយ្យការចោទប្រកាន់ពីបទ: ហឹង្សាដោយចេតនាទៅលើអ្នកដទៃ ដោយប្រើអាស៊ីតខ្លាំង តាមបញ្ញត្តិមាត្រា ២០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំង ប្រព្រឹត្តនៅចំណុចមុខសាលាជាតិកសិកម្មព្រែកលៀប ផ្លូវជាតិលេខ៦A ភូមិព្រែកលៀបសង្កាត់ព្រែកលៀប ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០២២ ។
ជនត្រូវចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៦ ខែ សីហា ឆ្នាំ ដោយសមត្ថកិច្ចនគរបាល ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ សហការណ៍ជាមួយសមត្ថកិច្ចនគរបាល នៃ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ នៅចំណុចផ្ទះសំណាក់ថានសួគ៍ប្រសិទ្ទផ្លូវលំ ភូមិ ស្វាយឧត្តមសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនត្រូវចោទត្រូវបាន ចាប់ឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ៦៥៨ឈដ.ច.ន ចុះថ្ងៃទី១៤ខែមិថុនា ឆ្នាំ ២០២២ របស់លោកឯក ប៉ូលីហ្វីល ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ: លីហ្សា